ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងកិច្ចការនារី និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពយន្តការ ក្នុងការលើកកម្ពស់យេនឌ័រ បរិយាបន្ន និងសមធម៌សង្គមនៅថ្នាក់ក្រោមជាតិ ផ្តោតលើមុខងាររបស់អនុប្រធានអចិន្រ្តៃយ៍ គ.ក.ស.ក រាជធានី ខេត្ត ដោយមានការចូលរួមថ្នាក់ដឹកនាំបច្ចេកទេស និងមន្រ្តីនាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីរកិច្ចការនារី (បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង កំពង់ធំ កំពង់ចាម និងខេត្តសៀមរាប) ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពយន្តការ ក្នុងការលើកកម្ពស់យេនឌ័រ បរិយាបន្ន និងសមធម៌សង្គមនៅថ្នាក់ក្រោមជាតិ ផ្តោតលើមុខងាររបស់អនុប្រធានអចិន្រ្តៃយ៍ គ.ក.ស.ក រាជធានី ខេត្ត នេះដែរ រៀបចំឡើងដើម្បីគាំទ្រដល់មន្ទីរកិច្ចការនារីរាជធានី-ខេត្ត ក្នុងនាមជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ(គ.ក.ស.ក) ក្នុងការបញ្រ្ជាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គមក្នុងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះវគ្គបណ្តុះបណ្តាលយៈពេល២ថ្ងៃនេះ នឹងពិភាក្សាដោយផ្តោតលើលទ្ធផលរំពឹងទុក និងសមិទ្ធកម្មគន្លឹះៗ មួយចំនួនលើខ្លឹមសារគន្លឹះ និងគោលដៅ រួមទាំងអ្នកទទួលផលនិងអ្នកពាក់ព័ន្ធ យុទ្ធសាស្រ្តនិងយន្តការនៅថ្នាក់ក្រោមជាតិ ភារកិច្ច និងកិច្ចការអាទិភាពរបស់មន្ទីរកិច្ចការនារី ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ-សង្កាត់ និងការងារអាទិភាព ឆ្នាំ២០២៤ និងឆ្នាំ២០២៥៕