រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ដេីម្បីផ្សព្វផ្សាយ លើកតម្កើនមរតកវប្បធម៌ជាតិ ក៏ដូចជាជំរុញវិស័យទេសចរណ៍ វប្បធម៌ ស្របតាមយុទ្ធនាការ (ទស្សនាសៀមរាប ឆ្នាំ២០២៤) និងទាក់ទាញអ្នកទេសចរណ៍ឱ្យមកកម្សាន្តនៅក្នុងខេត្តសៀមរាបផង។ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ថា ការបង្ហើរខ្លែង កើតមានឡើងនៅក្នុងប្រពៃណីរបស់ខ្មែរ រាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែមួយរយៈកាលកន្លងមកនេះ ខ្លែងខ្មែរ ជាពិសេសខ្លែងឯកនេះ ស្ទើរតែបាត់បង់ដោយសារតែពលរដ្ឋយើងមួយចំនួនមានជំនឿថា ខ្លែងឯកជាវត្ថុអពមង្គល តាមការពិតខ្លែងនេះដូនតាខ្មែរបង្កើតមកជាវត្ថុតំណាងឱ្យសុភមង្គល។ លោក បានបន្តថា ដោយសារតែជំនឿរមិនសមហេតុផលនេះ ទើបថ្នាក់ដឹកនាំ ស្ថាប័នជាតិបានគិតគូរ និងយកចិត្តទុកដាក់រៀបចំឱ្យមានព្រឹត្តិការណ៍នានាដែលទាក់ទងនឹងខ្លែងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានបំណងយកខ្លែងឯករបស់ខ្មែរនេះ ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ លោកបញ្ជាក់ថា ដោយសារហេតុនេះទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខិតខំបំផុសចលនាបង្ហើរខ្លែងនេះ ព្រោះការចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ យើងអាចអភិរក្ស និង ផ្សព្វផ្សាយអំពីខ្លែងយើងបានទូលំទូលាយ ម្យ៉ាងទៀតការបង្ហោះខ្លែងនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំសម្រាប់ខេត្តសៀមរាប ហើយការបង្ហើរខ្លែងនេះ ខ្មែរយើងនិយមបង្ហើរនៅរដូវរំហើយ។
លោក លី សារី អភិបាលរងខេត្ត ការបង្ហើរខ្លែងខ្មែរ មិនគ្រាន់តែបង្កបរិយាកាសដល់ប្រជាពលរដ្ឋ សាធារណជន ទស្សនាប្រកបដោយសេចក្ដីសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់ក្រោយឱ្យបានស្គាល់ យល់ដឹង និង ចូលរួមប្រតិបត្តិ ថែរក្សាការពារ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការសិក្សាស្រាវជ្រាវ ចងក្រងរក្សាទុកនូវឯកសារបេតិកភណ្ឌវប្បធម៌នេះ ឱ្យបានស្ថិតស្ថេរគង់វង្ស។ លោក បន្តថា ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរីនាឱកាសនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើង ស្របតាមយុទ្ធនាការ (ទស្សនាសៀមរាប ឆ្នាំ២០២៤)ផងដែរ។ ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំ២០២៥ ខាងមុខ ដើម្បីបន្តរក្សាកំណើន និងទាក់ទាញភ្ញៀវទេសចរ និងថែរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ជាតិយើង ក្នុងនាមអាជ្ញាធរខេត្តសៀមរាប សូមអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាបន្តគាំទ្រឱ្យបានផុលផុស ដើម្បីបន្តការរៀបចំនូវកម្មវិធី និងព្រឹត្តិការណ៍នានា ក្នុងខេត្តសៀមរាបយើងនៅឆ្នាំបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បង្ហើរខ្លែងនេះ មានខ្លែងឯក ខ្លែងសេរី និងខ្លែងតូចៗ សរុបចំនួនប្រមាណ ៥០០ខ្លែង ហើយព្រឹត្តិការណ៍នេះមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤ ក៏មានបងប្អូនអ្នកស្រឡាញ់និងលេងខ្លែងមកពីបណ្ដាខេត្តផ្សេងៗ និងបានចូលរួមផងដែរ៕