កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាខេត្តសៀមរាប ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងទទួលការគាំទ្រពីអង្គការទស្សនៈពិភពលោកអន្តរជាតិ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីយន្តការពង្រឹងសមត្ថភាពដល់បុគ្គលិករដ្ឋបាលក្រុង ស្រុក លើការអនុវត្តមុខងារវិស័យអប់រំ របស់រដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ស៊ន សេងហុក ប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានចូលរួមពីមន្រ្តីពាក់ព័ន្ធ នៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធនានា នៃខេត្តសៀមរាប សរុបចំនួន ៧០នាក់ ស្រី ១៥នាក់។
លោកស្រី អភិបាលរងខេត្ត ការអនុវត្តការផ្ទេរមុខងារវិស័យអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នេះគឺជាការបង្ហាញឱ្យឃើញពីវឌ្ឍនភាពថ្មីបន្ថែមទៀតនៃការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់វិស័យអប់រំ ព្រមទាំងបានបង្ហាញឱ្យឃើញអំពីឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការផ្តល់អាទិភាព និងការគាំទ្រដល់ការជំរុញ និងលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡា។ តាមរយៈការដាក់ចេញ និងអនុវត្តជាបន្តបន្ទាប់នូវលិខិតបទដ្ឋានគតិយុត្តកំណែទម្រង់ដ៏មានសារៈសំខាន់ដូចបានរៀបរាប់សង្ខេបខាងលើ រដ្ឋបាលខេត្តសៀមរាប យល់ឃើញថាការផ្ទេរមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនេះ គឺជាការផ្តល់ឱកាសឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជារដ្ឋបាលមូលដ្ឋាននៅកៀកជិតប្រជាពលរដ្ឋចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាអប់រំជូនប្រជាជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម ជាពិសេសឆ្លើយតបបានទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធានាបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕
![](https://siemreap.gov.kh/wp-content/uploads/sites/22/2025/01/1-47.jpg)