រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាធ្វើដំណើរទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គម នៅស្រុកសូទ្រនិគម

  • 22
  • ដោយ vannak

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមជាក់ស្ដែងនៅមូលដ្ឋាន។ ទស្សនកិច្ចនេះទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងគណនេយ្យភាពសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. លោក លោកស្រី ថ្នាក់ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រដ្ឋបាលស្រុកសូទ្រនិគម មេឃុំសំរោង ប្រធានមណ្ឌលសុខភាពសំរោង ក្រុមការងារអង្គការទស្សនៈពិភពលោក លោកគ្រូ អ្នកគ្រូ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍(CAFs) និងអ្នកពាក់ព័ន្ធទាំងអស់។

ជាមួយគ្នាសកម្មភាពទស្សនកិច្ចនេះ ប្រតិភូបានទៅពិនិត្យមើលទីតាំងដូចខាងក្រោម៖ ១. ទស្សនកិច្ច នៅមណ្ឌលសុខភាពសំរោង ដើម្បីឈ្វេងយល់ពីការងារគណនេយ្យភាពសង្គមបានរួមចំណែកដល់ការពង្រឹងការផ្ដល់សេវានៅមណ្ឌលសុខភាព ដោយពិនិត្យលើផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ(I4Cs) និងពិភាក្សាលើលទ្ធផលជាវិជ្ជមានក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមនៅមណ្ឌលសុខភាព។ ២. ជួបប្រជុំជាមួយបណ្ដាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍(CAFs) និងអ្នកទទួលផល នៅសាលាឃុំសំរោង ដើម្បីពិភាក្សាលើលទ្ធផលជាវិជ្ជមាននៃការអនុវត្តការងារគណនេយ្យភាពសង្គមដែលបានពង្រឹងដល់អភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើងប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

អត្ថបទទាក់ទង