រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ០៤គ្រួសារទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមស្រុកក្រឡាញ់

ព្រឹកថ្ងៃអាទិត្យ ៣ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក ប៉ាន់ សារេត សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងលោក សុខ ណរ៉េត អភិបាលរងនៃគណៈអភិបាលរងស្រុកតំណាងលោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ បានអញ្ជើញចុះសួរសុខទុក្ខដល់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីព្រលប់ថ្ងៃទឺ២២ ខែឧសភា ឆ្នាំ២០២០ ចំនួន ០៤គ្រួសារ(រលំធ្លាក់ពីលើជើងសសរ ២គ្រួសារនិងរបើកដំបូល ២គ្រួសារ) ដូចមានរាយនាមខាងក្រោម:១.ឈ្មោះ តោ ទីន អាយុ 33 ឆ្នាំនៅភូមិតាប៉ាង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប (រលំធ្លាក់ពីលើជើងសសរ)២.ឈ្មោះ សៅ ញ៉ែត ភេទស្រី អាយុ 48 ឆ្នាំ នៅភូមិខ្សី ឃុំសែនសុខស្រុកក្រឡាញ់ខេត្តសៀមរាប (របើកដំបូល)៣.ឈ្មោះ អឿក ភ ភេទស្រី អាយុ 29 ឆ្នាំនៅភូមិខ្សី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប(រលំធ្លាក់ពីលើជើងសសរ)៤.ឈ្មោះ សៅ ជៀស ភេទប្រុស អាយុ 34 ឆ្នាំ នៅភូមិស្វាយ ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប(របើកដំបូល។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ ថវិកា ១០ ម៉ឺនរៀល អង្ករ ២៥ គីឡូ មី ១កេស មុង១ ភួយ១ ខ្នើយ២ ទឹកសុទ្ធ ២យួរ ត្រីខ ១យួរ ឆ្នាំង១ ចានស្រាក ១ ឡាំងទឹក២ ការបោយ១ ជ្រុញ១ វែក១ ចានដែក១ ចានបាយ២ ខ្ទះ ១។លោក ប៉ាន់ សារេត និងលោក សុខ ណារ៉េត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ក្នុងឱកាសនេះដែរលោកក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។ សូមអាន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខិត្តប័ណ្ណស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ដែលក្រុមបតិបត្តិអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចែកជូនបងប្អូននាពេលនេះ មានខ្លឹមសារដូចទៅ៖- “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” ៖ ១- ដាក់ទឹកផ្សើមដៃទាំងពីរជាមួយទឹកស្អាត ២- ដាក់សាប៊ូនៅលើបាតដៃ និងខ្នងដៃ ៣- ដុសសម្អាតបាតដៃ ម្រាមដៃ និងមេដៃ ៤- ដុសសម្អាតខ្នងដៃចង្វែកដៃ និងចុងម្រាមដៃ ៥- លាងជម្រះសាប៊ូពីដៃទាំងពីរជាមួយទឹកស្អាត ៦- ជូតដៃនឹងកន្សែង ឬក្រមាស្អាត។- “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ៖ ១- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ២- ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ ៣- ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ ៤- ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ៥- ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ ៦- ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន។ ក្រុមប្រតិបត្តិក៏បានណែនាំការរក្សាគំលាតសុវត្ថិភាព ជាពិសេសគឺណែនាំមិនឱ្យធ្វើចំណាកស្រុកទាំងប្រថុយប្រថានតាមការលួងលោមរបស់មេខ្យល់។

អត្ថបទទាក់ទង