ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប សហការជាមួយកម្មវិធីអាហារូបករណ៍អូស្ត្រាលី នៃស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ ចែករំលែកព័ត៌មាន និងបែបបទនានា ស្តីពីអាហារូបករណ៍សិក្សាភាសាអង់គ្លេស និងអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលី (Australia Awards)» ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី Sandra Martinovic លេខាទី២ នៃគម្រោងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នៃស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីសំណាក់ លោក លោកស្រី មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអង្គការ សមាគម សរុបចំនួន ៧៩រូប ស្រី ៣១រូប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីឱកាសទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី តាមរយៈការចែករំលែកព័ត៌មាន បែបបទ និងនីតិវិធីនានា ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍សិក្សាភាសាអង់គ្លេស និងអាហារូបករណ៍ថ្នាក់បណ្ឌិត អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី តាមរយៈកម្មវិធី Australia Award។ ក្នុងឱកាសនេះ លោក អភិបាលរងខេត្ត បានមានប្រសាសន៍ថាសិក្ខាសាលាថ្ងៃនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពមនុស្សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ កសិកម្ម សុខាភិបាល ការគ្រប់គ្រង ការអប់រំ ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ដែលអាចជួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែប្រសើរឡើង តាមរយៈការបណ្ដុះភាពជាអ្នកដឹកនាំ និងជំនាញសំខាន់ៗផ្សេងៗទៀត ដែលសង្គមកម្ពុជាត្រូវការ។
លើសពីនេះទៅទៀត ចំពោះមន្រ្តីរាជការ និស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី តាមរយៈការទទួលអាហារូបករណ៍នេះ នឹងអាចពាំនាំមកនូវគំនិត ចំណេះដឹង និងជំនាញថ្មីៗ និងមានសមត្ថភាពបន្ថែមទៀតក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕
