នៅព្រឹកថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អញ្ជើញចុះពិនិត្យសកម្មភាពការរៀន និងបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក(Online)នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប ។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ការចុះពិនិត្យសកម្មភាពរៀន និងបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិចនៅវិទ្យាល័យអង្គរខេត្តសៀមរាបនេះ ដើម្បីធានាបានថាកម្មវិធីអប់រំនៅតែអាចប្រព្រឹត្តទៅដោយរលូន ទោះបីសាលាកំពុងត្រូវបានបិទជាបណ្ដោះអាសន្ន ក្នុងស្ថានភាពអន្តរកាលដែលបង្កដោយជំងឺកូវីដ-១៩ក៏ដោយ។ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ ឯកឧត្តម អភិបាលខេត្តសង្កត់ធ្ងន់ផងដែរចំពោះបញ្ហាអប់រំ ព្រមទាំងបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្រូវចាត់មន្ត្រីពិនិត្យតាមដានក្នុងការបង្រៀនតាមរយៈប្រព័ន្ធ Online ជាប្រចាំ ដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពនៃការសិក្សា។សូមជម្រាបថា ខណៈដែលក្រសួងអប់រំ យុវជន និងកីឡា បានបិទសាលាជាបណ្ដោះអាសន្ន ក្រសួងបានប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការលើកកម្ពស់គុណភាពអប់រំពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ផលិតនូវមាតិកាឌីជីថល ចាក់ផ្សាយទាំងតាមប្រព័ន្ធអ៊ីនធឺណិត និងនៅលើកញ្ចក់ទូរទស្សន៍ ផ្ដល់ភាពអំណោយផលដល់សិស្សទាំងនៅទីក្រុង និងជនបទ ដើម្បីធានាបានថាកម្មវិធីអប់រំប្រព្រឹត្តទៅប្រកបដោយសមធម៌ និងបរិយាបន្ន។ ទន្ទឹមនឹងការប្រឹងប្រែងរបស់ក្រសួងអប់រំ ក្រោមការចង្អុលបង្ហាញដោយរាជរដ្ឋាភិបាលកម្ពុជា ក៏មានការចូលរួមគាំទ្រពីសំណាក់ដៃគូ ស្ថាប័នពាក់ព័ន្ធនានាផងដែរ៕
