រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន៦៦គ្រួសារ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានលោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន៦៦គ្រួសារ នៅស្រុកសូទ្រនិគម ក្នុងនោះមានក្រុមគ្រួសារងាយរងគ្រោះនៅពេលមានវិបត្តិជម្ងឺកូវិដ១៩ រួមមានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ចំនួន ៦០គ្រួសារ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ០៦គ្រួសារ (រលំ០១ខ្នង ប៉ះពាល់ធ្ងន់ ០៥ខ្នង) កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។បន្ទាប់ពីកិច្ចស្វាគមន៍និងសេចក្តីរាយការរបស់លោក ម៉ក់ ប្រុស ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសូទ្រនិគមរួចមក មានប្រសាសន៍នាឱកាសនោះ លោកលោក ចៅ ម៉ៅមុន្នី ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ក្នុងពេលដែលនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានយក ចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅតាមមូលដ្ឋាន ព្រោះឥទ្ធិពលនៃជម្ងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ ។ លោកក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។ លោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ សំខាន់គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាក បាទក្រហមកម្ពុជា” ។ ក្នុងនោះលោក ក៏បានធ្វើការក្រើនរម្លឹកដល់បងប្អូនកុំឲ្យចាញ់បោកមេខ្យល់ នាំយកកូនចៅខ្លួនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ដោយប្រទេសជិតខាងយើងពេលនេះ ក៏បានមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ផងដែរ ។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមានបងប្អូន គ្រួសាររលំផ្ទះ និង ផ្ទះរបើកដំបូលទទួលបាន ឃីត១កញ្ចប់ កន្ទេល១, អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាមដូចគ្នា ហើយអ្នករលំផ្ទះបន្ថែមស័ង្កសី១៦សន្លឹក និងថវិកា២សែនរៀល និង គ្រួសារផ្ទះរបស់កដំបូល ទទួលបានស័ង្កសី ១០សន្លឹក ថវិកា១សែនរៀល ។ ចំពោះគ្រួសារងាយរងគ្រោះចំនួន៦០គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស អាវយឺត២ និងថវិកា ៤ម៉ឺនរៀលផងដែរ ៕

អត្ថបទទាក់ទង