ថ្ងែព្រហស្បតិ៍ ១២កេីត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារចម្រុះរដ្ឋបាលខេត្តបានចុះកំណត់ទំហំផ្លូវចាប់ពីផ្លូវជាតិលេខ៦ ចំណុចពេទ្យធ្មេញសៀមរាប ឆ្ពោះទៅប៉ែកខាងត្បូងរហូតដល់ផ្លូវ ៧មករា ដើម្បីបម្រើប្រយោជន៍សាធារណៈដឹកនាំដោយ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តនិងមានការចូលរួមពី មន្ត្រីជំនាញមន្ទីរ អង្គភាព និងអាជ្ញារធរមូលដ្ឋាន ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម និងភូមិវត្តបូព៌ សង្កាត់សាលាកំរេីក ក្រុងសៀមរាប។ រដ្ឋបាលខេត្តនឹងរៀបចំបេីកផ្លូវ និងសាងសង់ផ្លូវបេតុង ១ខ្សែ ទទឹងមធ្យម ១០ម៉ែត្រ បណ្ដោយប្រវែង ១០៣០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ចំណុចពេទ្យធ្មេញសៀមរាបរហូតដល់ផ្លូវ ៧មករា (ផ្លូវមុខវិទ្យាល័យអង្គរ)។ ដើម្បីឲ្យការអនុវត្តគម្រោងរៀបចំបើកផ្លូវ និងសាងសង់ផ្លូវបេតុងមួយខ្សែនេះប្រព្រឹត្តទៅដោយរលូនស្របតាមផែនការយុទ្ធសាស្ត្រ ស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាប រដ្ឋបាលខេត្ត ស្នេីដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលមានសំណង់នៅលើផ្លូវនេះ ចូលរួមសហការរុះរេីសំណង់ដោយខ្លួនឯងក្នុងរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ ផ្លូវមួយខ្សែនេះ ជាគម្រោងរបស់រដ្ឋបាលខេត្តឆ្នាំ២០២០ ដែលបានជំនួយឧបត្ថម្ភដោយមូលនិធិអភិវឌ្ឍន៍ និងអភិរក្សតំបន់អង្គរខេត្តសៀមរាប ។ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជននឹងមានការយោគយល់អធ្យាស្រ័យ និងចូលរួមសហការឲ្យបានគ្រប់ៗគ្នា ដេីម្បីឲ្យគម្រោងនេះអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអាចធ្វេីឲ្យផ្លូវនេះក្លាយជា Pub Street ទី២ របស់ខេត្តសៀមរាបយេីង សម្រាប់វិស័យទេសចរណ៍៕
