រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាពស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ឆ្នាំ២០២០-២០២៣

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប មានបើកកិច្ចប្រជុំត្រួតពិនិត្យលើ វឌ្ឍនភាពនានា ក្នុងការអនុវត្តផែនការសកម្មភាព ស្តីពី ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទឆ្នាំ២០២០-២០២៣ ក្រោមកិច្ចដឹកនាំរបស់លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី សំណាក់អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពមានការពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា និង អាជ្ញាធរក្រុង ស្រុក ដៃគូអភិវឌ្ឍន៍ចូលរួមផងដែរ ។ ក្នុងឆមាសទី១ឆ្នាំ២០២០នេះ ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានមាន ៧៣,៩០% ,សេវាអនាម័យ ៧៤,៦០% និង ភូមិបញ្ឈប់ បន្ទោរបង់ពាសវាលពាសកាល ចំនួន ១៦៩ភូមិ ក្នុងឃុំចំនួន៥ ។ ក្នុងនោះដែរសាងសង់អណ្តូងអាហ្វ្រិដេវ ថវិកាមន្ទីរបាន១៤អណ្តូង និង អណ្តូងអាហ្រ្វីដេវជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន១០០អណ្តូង និង ជីកស្រះសហគមន៍បាន ៧ស្រះ ដោយរៀបថ្មភ្នំ បានចំនួន៤ស្រះ ព្រមទាំងសាងសង់បង្គន់អនាម័យបាន ២០០បង្គន់ផងដែរ ។លោក អភិបាលរងខេត្ត ថ្លែងថាកិច្ចប្រជុំនេះ ជាការពង្រឹងតួនាទី ភារកិច្ច របស់ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ព្រមទាំងធ្វើការបូកសរុបការងារឆមាសទី១ ឆ្នាំ២០២០ និង ពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តសកម្មភាពរបស់មន្ទីរ និង អង្គការដៃគូ និងធ្វើការចែករំលែកបទពិសោធន៍នានាពាក់ព័ន្ធ និង បញ្ហាប្រឈម និង ដំណោះស្រាយក្នុងការអនុវត្តការងារ និង ធ្វើការពង្រឹងចំណងទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង រវាងស្ថាប័ន អង្គការ សហគមន៍ដែលពាក់ព័ន្ធ។ ការផ្គត់ផ្គង់ទឹកស្អាត និង ការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាព នៃការរស់នៅរបស់ប្រជាពល រដ្ឋ ស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយបានយល់ច្បាស់ពីផលប៉ះពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និង ការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាដៃគូរអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរិះរកនូវយុទ្ធសាស្ត្រគន្លឹះផ្សេងៗ ដើម្បីវិភាគអំពីលទ្ធភាព នៃប្រភពធនធានធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅឆ្នាំ២០២៣ សម្រេចឲ្យបាន ៩០% នូវអត្រាផ្គត់ផ្គង់ទឹកស្អាត និង អត្រាគ្របដណ្តប់អនាម័យឲ្យបាន ៩០% ហើយលើសពីនេះទៅទៀតគឺ ការសម្រេចឲ្យខានតែបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។ លោក បានបន្ថែមថា ដើម្បីសម្រចបាននូវទស្សនវិស័យឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាពនោះ ខេត្តសៀមរាបត្រូវការកំណើនផ្នែកទឹកស្អាតអនាម័យក្នុងរង្វង់យ៉ាងតិច ៥%-៦% ក្នុងមួយឆ្នាំ។ ដូចនេះ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ក៏ដូចជាការផ្សព្វផ្សាយបន្តដល់អ្នកពាក់ពន្ធ័នានា ធ្វើយ៉ាងណាជួយបញ្ជ្រាប ផែនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទៅក្នុងផែនការអភិវឌ្ឍន៍ ក្រុង ស្រុក ឃុំ សង្កាត់ និងត្រូវលើកជាគម្រោងអាទិភាពក្នុងមូលដ្ឋានរបស់ខ្លួន៕

អត្ថបទទាក់ទង