បន្ទាប់ពីរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០រួចមក ក្រុមការងារចម្រុះដែលមានរដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ បានចុះពិនិត្យ និងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវដែលគម្រោងបើកទំហំ ១៥ម៉ែត្រ ប្រវែង ១០៣០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ទៅត្បូងរហូតដល់ផ្លូវ៧មករា។គិតមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះជាលទ្ធផលក្បាលដីដែលបានប៉ះពាល់មានចំនួន ៩៣ក្បាលដី បានសម្របសម្រួល និងដោះស្រាយជូនបងប្អូនបានរួចរាល់ ដោយនៅសល់តែក្បាលដីចំនួន៩ទៀតតែប៉ុណ្ណោះដែលមិនបានដោះស្រាយ ហើយក្រុមការងារនឹងធ្វើការបញ្ជាក់នូវជើងម៉ែត្រជាមួយម្ចាស់ក្បាលដីទាំងនេះបន្ថែមទៀត ព្រមទាំងសម្របសម្រួល និងដោះស្រាយបន្ថែមទៀត ដើម្បីរដ្ឋបាលខេត្តបើកការដ្ឋាននៅក្នុងខែសីហា ឆ្នាំ២០២០ នាពេលដ៏ខ្លីខាងមុខនេះតាមផែនការគ្រោងទុក។ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តបងប្អូនដែលរស់នៅតាមដងផ្លូវនេះនូវស្មារតីចូលរួមសហការក្នុងការអនុវត្តបើកផ្លូវតាមទំហំដែលបានកំណត់ ដែលនេះជាសកម្មភាពគម្រូរក្នុងការចូលរួមគិតគូរពីផលប្រយោជន៍សាធារណៈ៕
