នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៣ និងជាតំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យ ផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានសាងសង់លើផ្លូវ ចំនួន ២ខ្សែ នៅសង្កាត់ស្វាយដង្គំ ដែលផ្លូវទាំង២ខ្សែនេះ ជាចំណោមផ្លូវដែលត្រូវសាងសង់ ចំនួន ៣៨ ខែ្ស ឱ្យចូលរួមសហការ និងរុះរេីសំណង់នានា។ ការចុះពិនិត្យនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរភូមិ ឃុំ និងប្រជាការពារក្នុងមូលដ្ឋានផងដែរ។ជាមួយគ្នានេះ ក្រុមការងារក៏បានផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការ និងរុះរេីសំណង់នានា ព្រមទាំងសំភារះផ្សេងៗទៀត លើខ្សែផ្លូវចំនួន ២ខ្សែ ដែលរួមមាន៖១-លេខកូដខ្សែផ្លូវAD02 វិថីសម្តេចតេជោហ៊ុនសែនសន្តិភាព(ចាប់ពីផ្លូវជាតិលេខ៦ ស្តុបចុងកៅស៊ូដល់សាលាបឋមសិក្សាគ្រូស រហូតដល់ផ្លូវ ៣០ម៉ែត្រ)២-លេខកូដខ្សែផ្លូវAD25 AD7 (ចាប់ពីស្ពាននាគ ខាងកើតស្ទឹង រហូតដល់រង្វង់មូលនាគបាញ់ទឹកផ្សារចាស់)។នៅក្នុងការចុះសម្របសម្រួលលើផលប៉ះពាល់នេះផងដែរ ក្រុមការងារក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវដែលរាជរដ្ឋាភិបាលបានគ្រោងនឹងសាងសង់នេះ ដោយមានការចូលរួមសហការជាមួយក្រុមការងារយ៉ាងសស្រាក់សស្រាំនិងសប្បាយរីករាយក្រែលែងក្នុងការរុះរើសំណង់របស់ខ្លួនចេញក្នុងពេលឆាប់ៗនេះ។ ក្នុងនាមក្រុមការងារ ជាពិសេស ឯកឧត្តម អភិបាលខេត្តសៀមរាប សូមស្នើដល់បងប្អូនបន្តចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក៕
