រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តស្នើឱ្យនាយករដ្ឋបាលក្រុងសៀមរាបដែលទើបប្រកាសចូលកាន់តំណែងត្រូវជំរុញការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត

រសៀលថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលក្រុងសៀមរាបបានរៀបចំពិធីប្រកាសចូលកាន់តំណែងលោក ឡំ សុខាក់ ពីប្រធានការិយាល័យស្ថិតិនិងអាត្រនុកូលដ្ឋាន នៃទីចាត់ការរដ្ឋបាលសាលាខេត្តសៀមរាប ឋានន្តរស័ក្តិ លេខាធិការរដ្ឋបាលថ្នាក់លេខ៧ ចូលកាន់តំណែងជានាយករដ្ឋបាលក្រុងសៀមរាប ក្រោមអធិបតីភាពរបស់លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី នាយកទីចាត់ការ ប្រធានក្រុមប្រឹក្សាក្រុង អភិបាលក្រុង ចៅសង្កាត់ មេភូមិ និងកងកម្លាំងទាំងបី ព្រមទាំងមន្ត្រីរាជការជាច្រើនរូបចូលរួមផងដែរ ។ លោក ឡំ សុខាក់ នាយករដ្ឋបាលក្រុងទើបទទួលភារកិច្ចថ្មី បានឡើងប្តេជ្ញាចំពោះមុខថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ថានឹងចូលរួមបំរើការងារជូនពលរដ្ឋនិងសង្គមជាតិប្រកបដោយតម្លាភាព ដើម្បីជួយធ្វើយ៉ាងណាឲ្យក្រុងសៀមរាប មានការរីកចម្រើន។ បន្ទាប់ពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការងាររបស់សាលាក្រុងរួចមក។ នាឱកាសនោះដែរ លោក ង៉ាន់ ភិរុណ ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូក្រុងសៀមរាប ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ក្រុង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមកនេះ ។ លោក បានបន្តទៀតថាសមទ្ធិផលដែលក្រុងសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ ដ៏ឧត្តុង្គឧត្តម នៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាល សម្រេចបាននូវសមទ្ធិផល ជាច្រើន ។ លោក បានបញ្ជាក់ថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្ត ក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន ។ លោក អភិបាលរងខេត្ត បានស្នើដល់មន្ត្រីក្នុងក្រុងសៀមរាបទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ គឺ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ ក្នុងការតាមដាន ត្រួតពិនិត្យ និង ដោះស្រាយបាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នានានៅមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ លោកក៏បានណែនាំមួយចំនួនដល់លោកនាយករដ្ឋបាលក្រុងដែលទើបទទួល ដំណែងថ្មី និងមន្ត្រីរាជការ កងកម្លាំង ត្រូវខិតខំរក្សា សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ តាមលក្ខណៈសម្បត្តិ ទាំង០៩ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និង ខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និង ខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងស្មើភាព ព្រមទាំងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និង ខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់សេវាសាធារណៈ ព្រមទាំងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ និង ជម្រុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុងនិងសង្កាត់ ឲ្យទទួលបានជោគជ័យ ។ ទន្ទឹមនឹងនេះ លោកក៏បានលើកផងដែរ បញ្ជាក់អំពីការស្ថាបនា ជួសជុលផ្លូវ៣៨ខ្សែងក្នុងក្រុងសៀមរាប ដែលនឹងចាប់ដំណើរការបើកការដ្ឋាននៅពេលខាងមុខ ទោះបីពេលនេះយើងកំពុងជួបវិបត្តិជំងឺកូវីដ១៩ ក៏ពិតមែន តែកិច្ចការ អភិវឌ្ឍន៍ហេដ្ឋរចនាផ្លូវថ្នល់ ក៏នៅតែបន្តធ្វើផងដែរ។ លោកបញ្ជាក់ថា ទោះបីមានការប៉ះពាល់ទៅលើលំនៅដ្ឋាន ក្បាលដីរបស់ប្រជាពលរដ្ឋនៅពេលនេះ តែនៅពេលខាងមុខបងប្អូននឹងទទួលបានផលប្រយោជន៍ពីផ្លូវ៣៨ខ្សែនេះផងដែរ៕

អត្ថបទទាក់ទង