
ឯកឧត្តម អភិបាលខេត្តបានថ្លែងថារាល់ការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ស្កេនQR Code http://srprovince.com/login ដើម្បីចំណេញពេលវេលា និងសុវត្ថិភាព (អាចបំពេញមុនចេញដំណើរបាន) ដោយមិនមានតម្រូវឲ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ។
ជាមួយគ្នានេះ ឯកឧត្តម សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ត្រូវតែប្រុងប្រយ័ត្នខ្លួន បើយើងរួមគ្នាអនុវត្តវិធានសុខាភិបាល អោយបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាព កុំឲ្យជំងឺនេះប៉ះដល់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង។
ទន្ទឹមនឹងនេះ សូមបងប្អូនបន្តអនុវត្តវិធានការក្រសួងសុខាភិបាលដែលបានដាក់ចេញយុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ដោយផ្តើមចេញពីបុគ្គលផ្ទាល់ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហគមន៍ និងសង្គមទាំងមូល ដោយអនុវត្តវិធានការខាងក្រោមឱ្យបានខ្ជាប់ខ្ជួន ៖
៣ការពារ ៖
១). ពាក់ម៉ាស់ ៖ ជាពិសេសេនៅពេលកំពុងពាក់ម៉ាស់ សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស់ ឬ ទាញម៉ាស់ដាក់ក្រោម ចង្ការ និងត្រូវដូរម៉ាស់ថ្មី នៅពេលវាសើម។
២)លាងដៃ ៖ ឱ្យបានញឹកញាប់ជាមួយសាប៊ូក្នុងរយៈពេល ៤០ វិនាទី ឬ ជាមួយអាល់កុលដែលក្នុងរយៈពេល២០ វិនាទី។
៣). រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ៖ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគម្លាតសុវត្ថិភាពនេះ
៣កុំ ៖
១). កុំទៅកន្លែងមានមនុស្សច្រើន ក្នុងន័យនេះរាប់ទាំងការប្រមូលផ្តុំជួបជុំពិសារអាហារជាលក្ខណៈគ្រួសារ សាច់ញាតិដែលមានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីលោកអ្នក ឬ មិត្តភ័ក្រ្តជិតស្និទ្ធជាដើម ។ ២). កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើន
៣). កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ពេលជួបភ្ញៀវ សូម្បីតែសមាជិកគ្រួសារ សាច់ញាតិ ដែលមានការស្នាក់នៅគេហដ្ឋានផ្សេងពីលោកអ្នក ឬ មិត្តភ័ក្រ្តជិតស្និទ្ធ ជាដើម៕