
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថាផ្តើមដំបូងនៃគម្រោងនេះ គឺការបណ្តុះបណ្តាលធនធានមនុស្សដែលជាបុគ្គលិករបស់គម្រោង បុគ្គលិករបស់មន្ទីរពេទ្យបង្អែកអង្គរជុំ រួមមាន វេជ្ជបណ្ឌិត និងអ្នកឯកទេស X-Ray អំពីជំនាញប្រើប្រាស់ម៉ាស៊ីន និងអានបកប្រែហ្វីលតាមកុំព្យូទ័រ ។ សកម្មភាពស្រាវ ជ្រាវត្រូវបានធ្វើឡើងតាមបែបសកម្ម ដោយប្រើរថយន្តគ្លីនិកចល័តចុះទៅមូលដ្ឋានតាមតំបន់គោលដៅ ។ លទ្ធផលរបស់ គម្រោងដែលសម្រេចបាន គឺមាននៅលើទីតាំងចំនួន៩មណ្ឌលសុខភាព របស់បណ្តាស្រុកចំនួន៣ គឺ នៅស្រុកអង្គរជុំ ស្រុកវ៉ារិន និង ស្រុកពួក ខេត្តសៀមរាប ។ លោកវេជ្ជបណ្ឌិត ហ្យុង ម៉ាន់ហូ ប្រធានសមាគមជម្ងឺរបេងជាតិកូរ៉េ បញ្ជាក់ថា សមាគមនៅតែបន្តគាំទ្រគម្រោងនេះ និង ពង្រីកទំនាក់ទំនងសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រជាជនកម្ពុជា និង ប្រសាសន៍របស់ឯកឧត្តម ផាក ស៊ុងជីន អគ្គកុងស៊ុលនៃ សាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា គម្រោងលុបបំបាត់ជម្ងឺរបេង ( CURE ) ដែលបាន អនុវត្តក្នុងទឹកដីខេត្តសៀមរាប នឹងបានស្ថិតបន្តក្នុងក្តីសង្ឃឹមសម្រាប់អនាគត ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ថ្វីត្បិតតែគម្រោងនេះ ត្រូវបានដំណើរការនៅក្នុង វិបត្តិកូវីដ-១៩ និងមានការផ្អាកដំណើរការខ្លះៗក៏ពិតមែន ក៏ប៉ុន្តែគម្រោងនេះនៅតែបានធ្វើដំណើរដល់គោលដៅយ៉ាងល្អ ក្រោមការពង្រឹងសមត្ថភាព ឈានទៅលុបបំបាត់ជម្ងឺរបេងនាពេលអនាគត ។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់បច្ចុប្បន្ន នេះ តួរលេខនៃអ្នកជម្ងឺរបេងក្នុងខេត្តសៀមរាប នៅតែស្ថិតក្នុងកម្រឹតគម្រាមកំហែងនៅឡើយ ។ ដូចនេះ មធ្យោបាយកាត់ បន្ថយការឆ្លង និង បង្កើនការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺពិតជាមានតម្រូវការចូលរួមសហការពីសំណាក់ កម្មវិធីរបស់អង្គការជាដៃគូអភិវឌ្ឍនានា ។ ជាក្តីសង្ឃឹមផងដែរនោះ ចំពោះភាគីពាក់ព័ន្ធដទៃទៀត ដែលបានគាំទ្រ ដល់ កម្មវិធីស្រាវជ្រាវជម្ងឺរបេងនៅក្នុងខេត្តសៀមរាបកន្លងមក នឹងបន្តជួយជ្រោមជ្រែងដល់វិស័យសុខាភិបាលកម្ពុជា៕