
ក្នុងកិច្ចស្វាគមរបស់លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត សៀមរាប បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនាពេលនេះ គឺក្នុងគោលបំណងលើកទឹកចិត្ត និង សរសើរចំពោះ បងប្អូនអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា របស់យើងដែលបាន ខិតខំបំពេញការងារយៈពេលកន្លងមក ។ លោកជំទាវ ក៏បានបញ្ជាក់ថា «យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាធ្វើសកម្មភាពមិនឈប់ឈរ ឡើយ នៅក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះតាមទិសស្លោកកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល និងបន្តខិតខំសម្រេចឲ្យបានបាវចនាសកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» ។ នៅក្នុងឱកាសដ៏រីករាយនេះដែរលោកជំទាវ ទាង អេង ទៀសីហា បានមានប្រសាសន៍ កោតសរសើរចំពោះស្មារតីមនសិការ និងសកម្មភាពមនុស្សធម៌របស់អ្នកស្ម័គ្រចិត្តកាកបាទក្រហម កម្ពុជាលោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ទាំងអស់ដែលបានរួមចំណែកក្នុងសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ហើយព្រមទាំងទទួលបាននូវការលើកទឹកចិត្តសរសើរពីកាកបាទក្រហមកម្ពុជាសរុបចំនួន ១១០រូប ដោយក្នុងនោះមានអ្នកស្ម័គ្រចិត្តចំនួន ២៩រូប យុវជនកាកបាទ ក្រហមកម្ពុជាចំនួន ៧៦រូប និង ឧទ្យានុរក្សចំនួន ០៥រូបផងដែរ ។
លោកជំទាវ ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខ របស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយ-ចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធសាធ ក្នុងការ ចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។ លោកជំទាវក៍បានថ្លែងថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគត របស់យើងទាំងអស់គ្នាបន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ» ហើយប្រធានបទនេះមានគោលបំណងអំពាវនាវ ចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សាធារណជន និងជនរួមជាតិបន្តចូលរួមឲ្យបានកាន់តែសកម្មថែមទៀត នៅក្នុងការទទួលខុសត្រូវទប់ស្កាត់ជំងឺកូវីដ១៩ ជម្ងឺឆ្លងរាតត្បាតសកលនានា។
លោកជំទាវអគ្គលេខាធិការ កាកបាទ ក្រហមកម្ពុជា ក៏បានអំពាវនាវដល់សាខា-អនុសាខាពង្រឹងភាពម្ចាស់ការខ្ពស់ ដឹកនាំមន្ត្រី-បុគ្គលិក យុវជនអ្នក ស្ម័គ្រចិត្ត ធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយឲ្យបានកាន់តែជ្រួតជ្រាបទូលំទូលាយថែមទៀតក្នុងស្មារតី ចូលរួមទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ រួមទាំងក្រុមបំប្លែងថ្មី នឹង សូមឲ្យបងប្អូន អ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជានៅតាមគ្រឹះស្ថានសិក្សា រួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកសកម្មភាពកសាងភាពធន់ និងផ្តល់សេវា ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ឲ្យបានឆាប់រហ័សទាន់ពេលវេលា ។ នៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូនាពេលនោះដែរ ក៏ធ្វើទិវាពលកម្ម បោសសម្អាតនៅក្នុងបរិវេណសួនឧទ្យានសហស្សវត្សរ៍កាកបាទ ក្រហមកម្ពុជាផងដែរ ៕