
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញពីគោលបំណងនៃដំណើរបេសកកម្មអញ្ជើញមកខេត្តសៀមរាប ដោយមានគោលបំណងដើម្បីចុះជួបដោយផ្ទាល់ជាមួយមន្ត្រីអនុវត្តកិច្ចការងារបរិស្ថាននៅរដ្ឋបាលក្រុង-ស្រុកទាំង១២ របស់ខេត្តសៀមរាប លើចំណុចមួយចំនួនដូចខាងក្រោម៖
១.ដើម្បីចុះសិក្សាប្រមូលធាតុចូល និងកម្រិតយល់ដឹងរបស់មន្ត្រីអនុវត្តកិច្ចការងារបរិស្ថាននៅរដ្ឋបាលក្រុង-ស្រុកទាំង១២ របស់ខេត្តសៀមរាប ដែលក្រសួងបានធ្វើប្រតិភូកម្មមុខាងារជូន តាមរយៈ អនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ដែលមានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈជាសេនាធិការ និង អនុក្រឹត្យលេខ១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម័្ពន្ធរបស់រដ្ឋបាលស្រុក ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានជាសេនាធិការ។
២.ពិនិត្យលើការអនុវត្តមុខងារកិច្ចគាំពារបរិស្ថាន ការប្រមូលកាកសំណល់រឹងនៅទីប្រជុំជន និងការទប់ស្កាត់ការដុតចំបើងឬជញ្ជ្រាំងស្រូវនៅតាមវាលស្រែដែលធ្វើឱ្យមានសំណឹកដី ធ្វើឱ្យដីបាត់បង់ជីវជាតិ និងការបំពុលខ្យល់ជាដើម។
៣.សិក្សាពីកម្រិតយល់ដឹងនៅក្នុងមូលដ្ឋានអំពីច្បាប់ស្តីពីជលផល ច្បាប់ព្រៃឈើ និងច្បាប់តំបន់ការពារធនធានធម្មជាតិ ព្រមទាំងជំរុញមេត្រីភាពបរិស្ថានជាមួយសាលារៀន និងវត្តអារាមជាដើម។
ជាមួយគ្នា លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រសួងបរិស្ថានដែលតែងតែបានយកចិត្តទុកដាក់គិតគូរដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសគឺខេត្តសៀមរាប ដូចជាការផ្តល់ជាធនធាន សម្ភារៈ ឡដុតសំរាម និងរថយន្តដឹកសំរាមជូនសហគមន៍ មធ្យោបាយផ្សេងៗសម្រាប់អនុវត្តការងារបរិស្ថាន និងបច្ចេកទេសជាដើម៕