
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខា បានឱ្យដឹងថា ឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជា ដែលស្ថិតលើទឹកដីដ៏បវរនៃខេត្តសៀមរាបអង្គរនេះ ជាមរតកដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ហើយមានអាយុកាលជិត ២៣ឆ្នាំហើយ ដែលបានដាំដុះឡើងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ក្រោមអធបតីភាពខ្ពងខ្ពង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា មានទំហំជាង ៦ហិចតា និងមានដើមឈើចំនួនជាង ២,៤៦០ដើម ឧទ្យានសហស្សវត្សរ៍នេះ ជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការការពារបរិស្ថានតំបន់អង្គរផងដែរ។ លោកជំទាវបន្តថា នៅលើពិភពលោក មានសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ជាង១៩០ប្រទេស គឺមានតែប្រទេសកម្ពុជាមួយគត់ ដែលមានឧទ្យាន និងមានដើមឈើរហូតដល់ជាង២,៦០០ដើមនេះ។ ហេតុនេះការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីអបអរថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ផង និងចង់បណ្ដុះគំនិតដស់បងប្អូនប្រជាពលរដ្ឋ ពិសេស ប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិជាតិកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ឱ្យចេះស្រលាញ់ធម្មជាតិ ស្រលាញ់បរិស្ថានបៃតង សំដៅទៅមនុស្សម្នាក់ដាំដើមឈើមួយដើម សម្រាប់ធ្វើជាគំរូ និងទុកជាកេរដំណែលដល់កូនចៅយើងជំនាន់ក្រោយៗទៀត៕