
លោក អ៉ឹង គឹមលាង បានធ្វើការណែនាំដល់សិក្ខាកាមទាំងអស់ គឺត្រូវបន្តស្វែងយល់នូវខ្លឹមសារអនុក្រឹត្យ លិខិតបទដ្ឋានគតិយុត្ត នីតិវិធីនានា ជាពិសេសតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ដែលគ្រូបង្គោលបានធ្វើការបង្ហាញ និងចូលរួមសហការអនុវត្តអនុក្រឹត្យ លិខិតបទដ្ឋាន នីតិវិធី តួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យតាមគោលបំណងដែលបានគ្រោងទុក ។ ការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំខាន់ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងរួម គឺការលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។
នាឱកាសពិធីបិទវគ្គនោះឯកឧត្តម ប្រាក់ សំអឿន បានគូសបញ្ជាក់ថា ការដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការអនុវត្តនូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីអនុវត្តការងារដោយផ្ទាល់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់មូលដ្ឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម ។ ឯកឧត្តម ក៏បានលើកឡើងពីខ្លឹមសារ នៃតួនាទី ភារកិច្ច និង របៀបរបបធ្វើការងារ របស់ ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ដែលត្រូវអនុវត្ត ក្នុងការឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់មូលដ្ឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម ហើយកត្តាសំខាន់របស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ លើនីតិវិធីសម្រុះសម្រួលដោះស្រាយបណ្តឹង" ហើយនៅទូទាំងប្រទេសបានបង្កើតការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ នៅ ក្រុង ស្រុក ខណ្ឌ បាន១២០ លើ២០៤ ក្រុង ស្រុក ខណ្ឌ ។
ឯកឧត្តមបានបន្តទៀតថា យន្តការការិយាល័យប្រជាពលរដ្ឋ ជាយន្តការឯករាជ្យមួយ ត្រូវបានរៀបចំឡើងនៅថ្នាក់រាជធានី ខេត្ត និង ក្រុង ស្រុក ខណ្ឌ ដែលមានតួនាទីសម្រាប់ធ្វើការសម្រុះសម្រួល ដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឯកឧត្តមក៏ បានបញ្ជាក់ថា ការអនុវត្តយន្តការនេះកន្លងមក ពិតជាទទួលបាននូវការគាំទ្រពីរដ្ឋបាល អង្គការសង្គមស៊ីវិល ព្រមទាំងមានការជឿទុកចិត្តពីប្រជាពលរដ្ឋផងដែរ ។ ជាមួយគ្នានោះដែរឯកឧត្តមក៏បានធ្វើការណែនាំដល់ប្រធាន និង មន្រ្តីជំនួយការនៃការិយាល័យប្រជាពលរដ្ឋស្រុកគោលដៅថ្មី ត្រូវធ្វើការជម្រុញលើការងារអភិបាល កិច្ចល្អ ឲ្យកាន់តែស៊ីជម្រៅនៅថ្នាក់មូលដ្ឋាន និង ស្វែងយល់ឲ្យបានច្បាស់ពីតួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន និងស្វែងយល់បន្ថែមលើឯកសារផ្លូវច្បាប់នានា ក៏ដូចជាលិខិតបទដ្ឋានដែលក្រសួង ឬ រដ្ឋាភិបាលបានដាក់ចេញ ព្រមទាំងបំពេញការងារឲ្យបានត្រឹមត្រូវទៅតាមរបៀបរបបការងារ និងនីតិវិធីដែលក្រសួងបានកំណត់ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តការងារជូនប្រជាពលរដ្ឋ ៕