
បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ច ឆ្នាំ២០២០.២០២៤ នៃផែនការ៣ឆ្នាំរំកិល និង តាមការបញ្ជាក់របស់លោក សុខ ថុល បានលើកឡើងពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តអនុវត្តបានក្នុងឆ្នាំ២០២២ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកប្រាសាទបាគង និង ស្រុកសូទ្រនិគមផងដែរ ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះបានលើកឡើងនូវសំណួរផ្ទាល់មាត់ ១១ សំណួរ សំណូមពរ ដោយផ្តោតទៅលើបញ្ហា កសិកម្ម (លើតម្លៃកសិផលលក់បានថោក) បញ្ហាហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ ស្ពាន , ការងារអប់រំ(កង្វះអគារសិក្សា) ការសុំកាត់ឆ្វៀលជម្រកព្រៃឈើ និង បញ្ហាអត្រានុកូលដ្ឋាន (សុំកែតម្រូវឈ្មោះបញ្ជីកំណើត)ជាដើម ក្នុងការលេីកឡេីងនេះ ត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឲ្យអស់កង្វល់ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែយល់ច្បាស់ផងដែរ។ ទន្ទឹមនេះក៏មានការសរសេរលាយលក្ខអក្សរ ២២សំណួរ សំណូមពរ ហេីយសំណួរ សំណូមពរទាំងនោះនឹងត្រូវឆ្លេីយតបវិញជាលាយលក្ខអក្សរនៅពេលក្រោយ។
ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាសាធារណៈ ក្នុងកោលដៅទី៤នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណូរ-សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង-ស្រុក នៃខេត្តសៀមរាបទាំងមូល៕