
ក្នុងនោះដែលលោក អ៉ឹង គឹមលាង អភិបាលរងខេត្តបានមានប្រសាសន៍ថាបច្ចុប្បន្នពិភពលោកកំពុងទទួលរងនូវការប្រែប្រួលអាកាសធាតុគួរឱ្យកត់សម្គាល់ដែលជាបញ្ហាប្រឈមជាសកល ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនេះ ដែលប្រទេសទូទាំងពិភពលោកបានចាត់វិធានការក្នុងការទប់ស្កាត់គ្រោះមហន្តរាយនានាដែលកើតឡើងអំពីការប្រែប្រួលអាកាសធាតុនេះ។ ជាក់ស្តែង នៅឆ្នាំ២០២២ កន្លងទៅនេះ បណ្តាភូមិសាស្ត្រក្រុង-ស្រុក នៃខេត្តសៀមរាប មានករណីគ្រោះមហន្តរាយកើតឡើងដោយសារគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ មានក្រុង-ស្រុកចំនួន ១២ រួមមាន៖ ក្រុងសៀមរាប, ស្រុកជីក្រែង, សូទ្រនិគម, អង្គរជុំ, ក្រឡាញ់, ប្រាសាទបាគង, បន្ទាយស្រី, ស្វាយលើ, បន្ទាយស្រី, ស្រីស្នំ, ពួក និងស្រុកវ៉ារិន ដែលបានទទួលរងនូវផលប៉ះពាល់ និងការខូចខាតដោយគ្រោះមហន្តរាយជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ និងការខូចខាតដំណាំស្រូវ ដំណាំបន្លែ និងដំណាំកសិឧស្សាហកម្មដំឡូងមី ខ្យល់កន្ត្រាក់ អគ្គីភ័យ រន្ទះបាញ់ ករណីលង់ទឹក ព្រមទាំងវិបត្តិសកលនៃជំងឺកូវីដ-១៩ ជាដើម។
ទន្ទឹមនឹងនេះ ទោះបីមានវិបត្តិសកលនៃជំងឺកូវីដ-១៩ និងការរងផលប៉ះពាល់គ្រោះមហន្តរាយធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗយ៉ាងណាក្តី ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត-ក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពជំនាញ សាខា-អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត-ក្រុង-ស្រុក តែងតែជួយអន្តរាគមន៍ដោះស្រាយរាល់បញ្ហានៅក្នុងមូលដ្ឋានភ្លាមៗបានទាន់ពេលវេលា ព្រមទាំងមានការគាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ សំដៅធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាចំពោះមុខស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕