
បន្ទាប់ពីមតិស្វាគមន៍របស់លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបរួចមក ឯកឧត្តម ម៉ប់ សារិន បានគូសបញ្ជាក់ថា សិក្ខាសាលារៀបចំឡើង ដេីម្បីផ្តល់ឱកាសសម្រាប់ការជួបជុំសមាជិកក្រុមប្រឹក្សារាជធានី ខេត្តជាស្រ្តីនៅទូទាំងប្រទេសក្នុងមួយឆ្នាំម្តង ដើម្បីយល់ដឹងអំពីសារៈសំខាន់នៃទិវាអន្តរជាតិនារី ០៨ មីនា គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ស្រ្តី និងចែករំលែកបទពិសោធន៍អំពីការបង្កើនភាពអង់អាចដល់ស្រ្តីនៅកម្ពុជា។ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ជាស្រ្តីនៅទូទាំងប្រទេស ក្នុងអាណត្តិទី៣ មានចំនួន ៩៥ រូប នៃសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត សរុប ៥៥៩ រូប ស្នើនឹង ១៦.៩៩% នៃសមាជិកក្រុមប្រឹក្សាជាបុរស។ យោងតាមតួលេខរបស់ គ.ជ.ប ក្នុងអាណត្តិទី១ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៣៧៤ រូប (ស្រ្តី ៣៧ រូប), ក្នុងអាណត្តិទី២ មានចំនួន ៣៩៣ រូប (ស្រ្តី ៥២ រូប) ហើយក្នុងអាណត្តិទី៣ មានចំនួន ៥៥៩ រូប (ស្រ្តី ៩៥ រូប)។
បន្ទាប់ពីបញ្ចប់សិក្ខាសាលា រដ្ឋបាលខេត្តសៀមរាបបានរៀបចំឱ្យប្រតិភូទស្សនកិច្ចប្រតិភូ ស្វែងយល់អំពីកិច្ចការអភិវឌ្ឍនានារបស់ខេត្ត និងទៅទស្សនាកន្លែងចិញ្ចឹមត្រីលំអ Angkor Wildlife & Aquarium (អង្គរវាយឡាយហ្វឹ និងអឹឃ្វារៀម) ស្ថិតនៅឃុំខ្ចាស់ ស្រុកសូទ្រនិគម ចំងាយប្រមាណ ២៧ គីឡូម៉ែត្រ ពីក្រុងសៀមរាប ដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្លាំង ដើម្បីប្រែក្លាយជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា៕