
លោក នឹម វ៉ាន់សំ បានលើកយកនៅចំណុចសំខាន់ៗ មួយចំនួនមកបង្ហាញពាក់ព័ន្ធការងារសន្តិសុខសុវត្ថិភាពក្នុងពេលបោះឆ្នោតខាងមុខពាក់ព័ន្ធការហក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សារ របស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ក.រ) និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ក្នុងគោលបំណង ឲ្យដំណើរការនៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅបានត្រឹមត្រូវ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ បញ្ចៀស ការកកស្ទះចរាចរណ៍តាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈ គោរពតាមវិធាននៃបទប្បញ្ញត្តិ និង គោលការណ៍ណែនាំដូចមានចែងក្នុង ច.ប.ត.រ ប.ន.ត.រ និងក្រមសីលធម៌សម្រាប់គណបក្ស នយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមធ្វើការណែនាំដល់គណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត អំពីការហែក្បួនឃោសនាបោះឆ្នោត និងសកម្មភាពចែកខិត្តបណ្ណនៅតាមផ្សារក្នុង អំឡុងពេលឃោសនាបោះឆ្នោត ដូចខាងក្រោម៖ ការកំណត់ទម្រង់ និងទំហំនៃការហៃនឃោសនាបោះឆ្នោត ការហែក្បួនឃោសនាបោះឆ្នោត សំដៅដល់ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយ ក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ដែលរៀបចំឡើងដោយគណបក្សនយោបាយដែល បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងរាជធានី ខេត្ត ។ លោក បានបន្តទៀតថា ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានកំណត់ទម្រង់ និងទំហំដូចខាងក្រោម៖- ចំនួនការធ្វើសកម្មត្រូវយកចិត្តទុកដាក់ ចំពោះរថយន្តចាប់ពី ២ (ពីរ) គ្រឿងឡើងទៅ អមដោយទោចក្រយានយន្ត ឬ/ ត្រីចក្រយានយន្តចាប់ពី ១០ (ដប់) គ្រឿងឡើងទៅ ទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ២០ (ម្ភៃ) គ្រឿងឡើងទៅ ជលយានគ្រប់ប្រភេទចាប់ពី ៥ (ប្រាំ) គ្រឿងឡើងទៅ ។
លោក បានបញ្ជាក់ថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានធ្វើយ៉ាងច្រើន ៤ (បួន) ដង ក្នុងព្រំប្រទល់រាជធានី ខេត្តដែលសាមីគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ការហែក្បួនឃោសនាបោះឆ្នោតក្រៅមណ្ឌលបោះឆ្នោត មិនត្រូវបានអនុញ្ញាតឡើយ ។ គណបក្សនយោបាយដែលហែក្បួនឃោសនាបោះឆ្នោតក្នុងរាជធានី ខេត្តដែលខ្លួនមានបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត ហើយតម្រាយផ្លូវនៃក្បួនឃោសនានោះ ត្រូវឆ្លងកាត់រាជធានី ខេត្តដទៃ ដោយសារ ស្ថានភាពទីតាំងភូមិសាស្តជាក់ស្ដែងនៃរាជធានី ខេត្តនោះមានព្រំប្រទល់ជាប់គ្នា ដែលមិនអាចវាងបាន គណបក្សនយោបាយសាមីត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គធ.ខប ពាក់ព័ន្ធ យ៉ាងតិចឲ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា ទោះបីជារាជធានី ខេត្តដែលត្រូវឆ្លងកាត់នោះ ខ្លួនមាន ឬគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក៏ដោយ ។ ក្នុងដំណើរឆ្លងកាត់នេះ សាមីគណបក្សនយោបាយ ត្រូវបិទឧបករណ៍បំពងសំឡេង និងផ្អាករាល់សកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួននោះ៕