
លោកស្រី អភិបាលរងខេត្តបានលើកឡើងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងជំរុញការអនុវត្តនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ និងផែនការ មេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២១-២០២៥ ជាពិសេស ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជាបន្តបន្ទាប់ ដើម្បីកសាងបានកម្លាំង ពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ដែលអាចឆ្លើយ តបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងប្រទេស និងក្រៅប្រទេស។ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិបណ្តុះបណ្តាល និង នៅកម្រិតខេត្តបានបង្កើត គណៈកម្មាធិការខេត្តបណ្តុះបណ្តាល ដោយមានការចូលរួមពីគ្រប់មន្ទីរអង្គភាព វិស័យឯកជន ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានបណ្តុះបណ្តាល និងតំណាងនិយោជិតជាសមាជិក ដែលមានភារកិច្ចដឹកនាំសម្របសម្រួល គោលនយោបាយនិងផែនការយុទ្ធសាស្ត្រ និងសកម្មភាពនានាពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ។
ក្នុងនោះដែលលោកស្រីអភិបាលរងខេត្តបាន អំពាវនាវដល់គ្រប់ស្ថានប័នពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណា បន្តថែរក្សាសន្តិភាព និងស្ថេរភាពនៅកម្ពុជាដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសការអភិវឌ្ឍធនធានមនុស្ស។ បន្តពង្រឹងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥ ដោយផ្តោតលើគោលបំណង៖ ១)ពង្រឹងគុណភាពអប់រំបណ្ដុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស, ២)បង្កើនលទ្ធភាពទទួល បានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌សម្រាប់បង្កើតការងារ ៣) លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធឱ្យចូលរួមក្នងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និង ៤)លើកកម្ពស់អភិបាល កិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ធ្វើការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រង មន្ត្រីជំនាញ និងគ្រូបច្ចេកទេស ព្រមទាំងការបង្កើន បរិមាណ និងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយ៉េនឌ័រ។ សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន យុវនារី ជនងាយរងគ្រោះ និងសាធារណជនងាកមក ចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយ សម្រាប់ការ ស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង៕