
តាមរយៈលិខិតស្នើសុំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខ្ញុំសូមគោរពជម្រាបជូន ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅ និងគណៈប្រតិភូតំណាងធនាគារពិភពលោក មេត្តាជ្រាបថា ពាក់ព័ន្ធនឹងគម្រោងស្តីពី“គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា”(Cambodia Sustainable Cities Initiative-CSCI) រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារមួយរួចហើយ ដែលមានសមាសភាពចូលរួមពីមន្ទីរ អង្គភាព ដើម្បីចូលរួមសហការ និងសម្របសម្រួលការអនុវត្តគម្រោងខាងលើនេះឱ្យទទួលបានជោគជ័យ។ ហើយសមាសភាពដែលបានអញ្ជើញចូលរួមនាពេលនេះ គឺជាសមាភាពក្រុមការងារខេត្តដែលបានបង្កើតនេះតែម្តង។ តាមរយៈឯកសារគម្រោងស្តីពី “គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា” (Cambodia Sustainable Cities Initiative-CSCI) ក្រុងសៀមរាប នៃខេត្តសៀមរាប ជាក្រុងគោលដៅក្នុងចំណោម ៦ ក្រុងផ្សេងទៀត ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការជ្រើសរើស ឱ្យចូលរួមក្នុងដំណាក់កាលទី២។
ដោយសារគម្រោងក្នុងដំណាក់កាលទី២នេះ ជាគម្រោងដែលទើបនឹងកំពុងស្ថិតក្រោមការរៀបចំ ដូនេះ ក្រុមការងាររបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ពុំទាន់មានព័ត៌មាន ទិន្នន័យ ឬតួនាទីភារកិច្ចដែលនឹងត្រូវចូលរួមសហការនិងសម្របសម្រួលការអនុវត្តគម្រោងខាងលើនេះឱ្យទទួលបានជោគជ័យនៅឡើយ។ ដូចនេះ ស្នើឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅ និងគណៈប្រតិភូតំណាងធនាគារពិភពលោក ផ្តល់នូវសារវតារបស់គម្រោងខាងលើនេះ ដើម្បីក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប មានមូលដ្ឋានចូលរួមសហការ និងសម្របសម្រួលអនុវត្តគម្រោងកាន់តែមានប្រសិទ្ធភាព និងជោគជ័យ៕