
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានមានប្រសាសន៍ថាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ និងនីតិកាលទី៧ ដែលទើបត្រូវបានបង្កើតឡើងតាមរយៈនៃការបោះឆ្នោតថ្មីៗនេះ បានធ្វើឱ្យមានការអភិវឌ្ឍន៍ និងភាពរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ នៅទូទាំងរាជធានី-ខេត្ត បើទោះបីជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងជួបវិបត្តិសេដ្ឋកិច្ច ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏កម្ពុជានៅតែអាចជំនះរាល់ឧបសគ្គ ទប់ទល់នឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះ ហើយនៅអាចសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ដោយឡែកសម្រាប់ខេត្តសៀមរាប ក៏មានការរីកចម្រើនលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធធារាសាស្រ្ត ភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រព័ន្ធលូ រំដោះទឹកកខ្វក់។ល។ ពិសេសគឺការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន ៣៨ខ្សែ និងការកែលំអដងស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីសំណាក់ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាហើយបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ២០២២កន្លងទៅនេះ។
លោកស្រី អភិបាលរងខេត្តបានបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ស្ថិតក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលបាននិងកំពុងសាងសង់ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ សមិទ្ធផលប្រវត្តិសាស្រ្តទាំងនេះនឹងជួយលើកមុខមាត់ខេត្តសៀមរាបឱ្យកាន់តែល្បីល្បាញមួយកម្រិតទៀត ដែលអាចធ្វើការទាក់ទាញភ្ញៀវទេសចរ ពិសេសភ្ញៀវទេសបរទេសអាចធ្វើដំណើរកាន់ខេត្តសៀមរាប កាន់តែ ច្រើនជាងមុនថែមទៀត។ លោកស្រី ក៏បានថ្លែងនូវការកោតសសើរ ចំពោះក្រសួងពាណិជ្ជកម្ម និងស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបាន ដែលបានសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មថៃ ២០២៣នេះឡើង៕