
សិក្ខាសាលាឆ្លុះបញ្ចាំងនេះ មានគោលបំណងផ្តល់ឱកាសឱ្យអ្នកពាក់ព័ន្ធទាំងអស់បានជួបពិភាក្សា និងពិនិត្យមើលអំពីវឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តការងារគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ តម្រូវការ និងដោះស្រាយបញ្ហានានាដែលកើតមានក្នុងអំឡុងពេលអនុវត្ត ដើម្បីធ្វើឱ្យការងារនេះកាន់តែប្រសើរឡើង។ ក្នុងនោះផងដែរ សិក្ខាសាលានេះ ក៏ជាឱកាសមួយដើម្បីធ្វើការរំលឹកដល់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក និងអ្នកពាក់ព័ន្ធ អំពីគោលបំណងនៃការអនុវត្តការងារគណនេយ្យភាពសង្គម ដែលផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាននានា និងការចូលរួមពិនិត្យតាមដានលើការបំពេញតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕