
លោក នាក់ ណេរ៉ុន វគ្គបណ្តុះបណ្តាលដែលរៀបចំនាពេលនេះ ពិតជាឈសារៈសំខាន់ណាស់ដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដែលក្នុងការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានីភ័យ ហើយក៏ជាឱកាសសម្រាប់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង មន្ត្រីបង្គោលក្នុងការធ្វើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និង ផែនការបន្តរបស់ខ្លួន ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងារការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជននៃគ្រួសារក្រីក្រ និងងាយរង ហានីភ័យ តាមរយៈការផ្សព្វផ្សាយ និងជួយគាំទ្រដល់ផ្នែកតម្រូវការ(ប្រជាពលរដ្ឋ) ឲ្យយល់ច្បាស់ និងចូលរួមក្នុងកិច្ចការងារនេះ។ លោកអភិបាលរងខេត្តបានលើកផងដែរ ពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតខ្ពស់លើកមូលធនមនុស្ស ដែលជាអាទិភាពគន្លឹះទីមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការជម្រុញសេដ្ឋកិច្ចឲ្យសម្រេចបាន នូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និង ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានលើកនូវអនុសាសន៍មួយចំនួន ជាមូលដ្ឋានគ្រឹះ សម្រាប់មន្ត្រីបង្គោល និង ថ្នាក់មូលដ្ឋាន សម្រាប់យកទៅអនុវត្តចំគោលដៅ ក្នុងការបង្កើននូវមុខ របរ ចំណេះវិជ្ជាជីវៈដល់យុវជនគ្រួសារក្រីក្រ និង ងាយរងហានីភ័យ ក្នុងការបន្តនូវចំណេះដឹងរបស់ខ្លួន ឲ្យក្លាយ ជាធនធានមនុស្សនៅក្នុងសង្គម ។
លោក នាក់ ណេរ៉ុន ក៏បានជម្រុញដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ បង្កើន ក្នុងការផ្សព្វផ្សាយឲ្យបានចូលជ្រៅដល់ប្រជាពលរដ្ឋគ្រួសារក្រីក្រ បានមកចុះឈ្មោះសិក្សានូវមុខជំនាញដែលខ្លួនចងរៀន ។ ម៉្យាងទៀត នៅតាមបណ្តាក្រុង ស្រុក បើមានលទ្ធភាពក្នុងការបង្កើត សាលាបណ្តុះបណ្តាលបាននោះ មន្ទីរនឹងបញ្ចុះគ្រូបបណ្តុះបណ្តាល បច្ចេកទេសដល់ពួកគាត់ ដើមី្បបង្កភាពងាយស្រួលមិនទៅឆ្ងាយផ្ទះរបស់ខ្លួន។ កត្តាទាំងនេះ ជាគោលដៅក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ ៕