
ក្នុងកិច្ចប្រជុំនេះដែរសមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួនទៅនឹងរដ្ឋបាលខេត្ត ដោយបានផ្តោត បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ចរាចរណ៍ គំនូសចរាចរណ៍ដងផ្លូវ បញ្ហាចំណតយានយន្ត នៅតាមទីប្រជុំជន ផ្សារ សាលារៀន , បញ្ហាលក់ដូរនៅតាមផ្លូវដងស្ទឹង ,បញ្ហាការប្រើប្រាស់ឯកសណ្ឋានកងកម្លាំងមិនគ្រប់លក្ខណៈ ,ការបាក់ច្រាំងមាត់ស្ទឹង ,ផ្លូវទៅអាកាសយានដ្ឋានថ្មីតើគ្រប់គ្រងស្ថាប័នណា ,អំពីច្បាប់ពុះដីឡូត៌ត្រូវបំពាក់លក្ខខ័ណ្ឌអ្វីខ្លះ? ការបង្កើតមជ្ឈមណ្ឌលព្យាបាលបេះដូង ,និង ប្រជាពលរដ្ឋស្ម័ត្រចិត្តរុះរើចេញពីតំបន់រមនីយដ្ឋាននៅប៉ុន្មានគ្រួសារទៀត។ បន្ទាប់ពីបណ្តាលមន្ទីរ អង្គភាពពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក សមាជិកនៃកិច្ចប្រជុំសាមញ្ញ លើកទី៥៨ បានអនុម័តទៅលើពង្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤។
លោក នាក់ ណេរ៉ុន បានវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែកុម្ភៈ ព្រមទាំងបានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និង អភិវឌ្ឍន៍ដោយផ្តោតសំខាន់ទៅ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន ក្នុងឱកាសរៀបចំបុណ្យទន្លេថ្ងៃខាងមុខនេះ និង ការរៀបចំសោភណ្ឌភាពក្រុង នៅតាមដងស្ទឹង ដងផ្លូវ វិថីនានាក្នុងក្រុង ដោយរដ្ឋបាលខេត្តបានរៀបចំធ្វើកម្មវិធីសៀមរាបសង្ក្រាន្តផងដែរ។
ឯកឧត្តម អ៊ាន ឃុន បានបញ្ជាក់ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និង អ្នកពាក់ព័ន្ធបានធ្វេីឱ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៨របស់ក្រុមប្រឹក្សាខេត្តទទួលបានលទ្ធផលតាមការគ្រោងទុក។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា នៅថ្ងៃខាងមុខនេះ ខេត្តយើងនឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ហើយក៏ជាលើកទី១ ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ព្រមទាំងមានរៀបចំធ្វើសង្ក្រាន្តសៀមរាប ស្របពេលដូចជាការ គាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ផងដែរ ។ ឯកឧត្តមបានបញ្ជាក់ថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហា និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ៕