រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ប្រតិភូកាកបាទក្រហមកម្ពុជាបានអញ្ជើញសួរសុខទុក្ខលោកតាព្រឹទ្ធាចារ្យ ទួន ទេស អតីតមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

  • 57
  • ដោយ vannak

បន្ទាប់ពីបេសកកម្មក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ចូលរួមឧបត្ថម្ភថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងសួរសុខទុក្ខ ស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូនរួចចំនួន ២៨០នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្តសៀមរាប) រួច លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងសហការី បានអញ្ជើញអមដំណើរប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញសួរសុខទុក្ខលោកតាព្រឹទ្ធាចារ្យ ទួន ទេស អតីតមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ធ្លាប់បានបម្រើការងារមនុស្សធម៌អស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសមានស្នាដៃក្នុងការចូលរួមផ្តួចផ្តើមគំនិតបង្កើតនិងថែរក្សាឧទ្យានសហស្សវត្ស៍កាកបាទក្រហមកម្ពុជា នៅខេត្តសៀមរាប។ បច្ចុប្បន្នលោកតាព្រឹទ្ធាចារ្យ មានវ័យ ៩៧ឆ្នាំ ធ្វើជាគ្រូបង្រៀនប្រវត្តិសាស្ត្រនៅពុទ្ធិកវិទ្យាល័យរាជបូណ៌ និងមានស្នាដៃក្នុងការដឹកនាំសមណសិស្សរៀបរៀង និងចងក្រងសៀវភៅរួមមាន៖ ពុទ្ធពង្សាវតារ, វប្បធម៌ខ្មែរ និងជីវិតខ្មែរ, តាពេជ្ញ តំណាល និងរបរកំដរជីវិតខ្មែរ។លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីជីវភាពរស់នៅ ជាពិសេសសូមជូនពរលោកតាព្រឹទ្ធាចារ្យ សូមមានសុខភាពល្អ អាយុយឺនយូរ ដើម្បីនៅបន្តជួយថែរក្សាមរតកវប្បធម៌ អក្សរសាស្ត្រ អក្សរសិល្ប៍ និងប្រវត្តិសាស្ត្រខ្មែរ ជូនដល់កូនចៅជំនាន់ក្រោយ។ព្រឹទ្ធាចារ្យ ទួន ទេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភថវិកាចំនួន ៥លានរៀល រួមជាមួយទឹកដោះគោ និងទឹកមាត់ត្រចៀកកាំ ជូនដល់លោកតា និង តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជនជួបការលំបាកនៅគ្រប់ទីកន្លែង។ លោកតាព្រឹទ្ធាចារ្យ សូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីបន្តនៅជាក្តីសង្ឃឹម ភាពកក់ក្តៅដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត នៅទូទាំងប្រទេស៕

អត្ថបទទាក់ទង