រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តសៀមរាបបេីកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

  • 64
  • ដោយ vannak

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដើមី្បធ្វើការពិនិត្យ ពិភាក្សា និង អនុម័តទៅលើរបៀបវារៈសម័យប្រជុំសាមញ្ញលើកទី២នេះ មានរបៀបវារៈចំនួន៤ និង មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ជានាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្តសៀមរាប។ បន្ទាប់ពីការធ្វេីបទបង្ហាញអំពីដីកាបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្តដោយលោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តរួចមក ឯកឧត្តម លី សំរិទ្ធ បានគូសបង្ហាញនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដោយធ្វើការត្រួតពិនិត្យ ពិភាក្សា និង ធ្វើការកែសម្រួលខ្លឹមសារ និងអក្ខរាវិរុទ្ធ នៃបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានយ៉ាងល្អិតល្អន់បំផុត។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤នេះ បានអនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ និងធ្វើការពិនិត្យ ពិភាក្សា លើសេចក្តីព្រាងស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត និង ប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត និង អនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលសមាសភាព ប្រធាន អនុប្រធាន និងសមាជិករបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ និង ការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤នៃការអនុវត្ត របស់រដ្ឋបាលខេត្តសៀមរាប ។ ក្នុងនោះដែរក៏មានធ្វើការបោះឆ្នោតជ្រើសរើស ប្រធាន១រូប អនុប្រធាន២រូប របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ ក្នុងនោះលោកជំទាវ ស៊ិន ណម ជាប្រធាន និង លោកជំទាវ យូ សុភា និងឯកឧត្តម ភឹង ចិន្តារ៉េត ជាអនុប្រធាន ។លោក លី សារី អភិបាលរងខេត្ត ក៏បានធ្វើការឯកភាពទៅលើការកែតម្រូវ និង បន្ថែមនូវ ខ្លឹមសារ ទៅតាមឃ្លា ប្រយោគ នៃសេចក្តីព្រាងបទបញ្ជារផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤នេះផងដែរ។ឆ្លងតាមការអនុម័តនៃកិច្ចប្រជុំសាមញ្ញលើកទី២ រួចមក ឯកឧត្តម លី សំរិទ្ធ ក៏បានធ្វើការក្រើនរំលឹកដល់ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្តទាំងអស់ ដែលជាតួអង្គនីតិបញ្ញត្ត និង នីតិប្រតិបត្តិ គឺត្រូវគោរពឱ្យបានក្រោយពីបានធ្វើការអនុម័តទៅលើបទបញ្ជាផ្ទៃក្នុង និង ប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ។ ក្នុងនោះឯកឧត្តមប្រធាន ក៏បានជម្រុញ ដល់មន្ត្រីជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន គឺមានការទទួលខុសត្រូវក្នុងការការដោះស្រាយវិវាទទាំងឡាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បកុំឲ្យមានភាពស្មុកស្មាញដល់ថ្នាក់លើ ព្រមទាំងបានលើកឡើងពី នីតិវិធីរដ្ឋាបាល មួយចំនួនដល់មន្ត្រីរាជការផងដែរ ។ ឯកឧត្តម ក៏បានរំលឹកថ្នាក់ដឹកនាំ ត្រូវតែខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរាល់ផែនការសកម្មភាព ដែលរាជរដ្ឋាភិបាលកំណត់ ក៏ដូចទិសដៅរបស់រដ្ឋបាលខេត្តផងដែរ ៕

អត្ថបទទាក់ទង