រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៨”

  • 19
  • ដោយ vannak

ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នៅសណ្ឋាគាររីជិនស៊ីអង្គរ ខេត្តសៀមរាប។ថ្លែងក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានលើកឡើងថា ដើម្បីជំរុញការទាក់ទាញអ្នកទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាប កាន់តែច្រើនថែមទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការងារជាច្រើន ប៉ុន្តែទាំងអស់នេះ មិនអាចកាត់ផ្តាច់បានពីការចូលរួមពីវិស័យឯកជនបានទេ ហើយក្នុងនោះវិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ។ ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដោយពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្នុងនោះសម្ដេចធិបតី បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពដល់ការស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ ពិសេសវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប តាមរយៈការដាក់ចេញនូវវិធានការដែលជាដំណោះស្រាយជាបន្តបន្ទាប់បានយ៉ាងច្រើន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា ស្របតាមសំណូមពររបស់ផ្នែកឯកជន និងដោយមានក្រសួងទេសចរណ៍ជាសេនាធិការ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថាវិស័យឯកជនត្រូវរូតរះពង្រឹងសេវាកម្ម និងគុណភាពផលិតផលរបស់ខ្លួនបន្ថែមទៀត ជាពិសេសនោះគឺការបន្ទាបតម្លៃ ប៉ុន្តែនេះមិនមែនមានន័យថា បន្ទាប់រហូតដល់ខាតទេ ប៉ុន្តែជាការកាត់បន្ថយពីចំណេញច្រើនមកចំណេញតិច ដែលន័យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីសង្តត់ធ្ងន់ថា ធ្វើយ៉ាងណាដើម្បីបានរស់សិន ព្រោះអីពិតណាស់ក្រោយវិបត្តិកូវីដ១៩ គេបានប្រាប់ច្បាស់ណាស់ថា ទីផ្សារទេសចរណ៍តូចចង្អៀត និងការប្រកួតប្រជែងខ្ពស់។ កម្ពុជាត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីសម្រេចទិសដៅអនាគតដែលតម្រូវឱ្យមានការកំណត់មាគ៌ាដឹកនាំការអភិវឌ្ឍវិស័យទេសចរណ៍ ដែលគ្រប់គ្រងឱ្យបាននូវឧបសគ្គ និងផ្តល់ក្តីសង្ឃឹម មានភាពប្រាកដនិយម រក្សាបាននូវសុខដុមនីយកម្ម និងចីរភាពនៃដំណើរការអភិវឌ្ឍរបស់ខ្លួន។ ឈរលើស្មារតីនេះ ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុកវិស័យទេសចរណ៍ជា មាសបៃតង ចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថានយ៉ាងមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង