រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប

  • 28
  • ដោយ vannak

នៅព្រឹកថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២៤នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេស ប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប យើងសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង ១៦មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១៣។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមបើកកេសវិញ្ញាសារប្រឡងនៅតាមមណ្ឌលវិទ្យាល័យសម្តេចឪ ខាងកេីត ក្រោមវត្តមានលោក អ៉ឹង គឹមលាង និងវិទ្យាល័យសម្តេចឪ ខាងលិច ក្រោមវត្តមាន លោក សុខ ថុល អភិបាលរង ខេត្តសៀមរាប។

តាមការបញ្ជាក់របស់មន្ត្រីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤នេះ មានចែកចេញជា ១៦មណ្ឌលប្រឡង ស្មើនឹង ៤៣៣បន្ទប់ ដែលមានសិស្សប្រឡងសរុប ១០ពាន់៧៣៦នាក់ ស្រី៦ពាន់២៥៧នាក់ ។ ក្នុងនោះមានបេក្ខជនចំណេះទូទៅ ចំនួន ៩ពាន់៤៨៥នាក់,ស្រីចំនួន៥ពាន់៦៣០នាក់ បេក្ខជនស្វ័យរិនចំណេះទូទៅ ៩៥៩នាក់ ស្រី ៤៨១នាក់ ,បេក្ខជនបំពេញវិជ្ជា ១៥១នាក់ ស្រី៨០នាក់ ,បេក្ខជនស្វ័យរិនបំពេញវិជ្ជា ១៤១នាក់ ស្រី ៦៦នាក់ ។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៥មណ្ឌល មាន១២៨បន្ទប់ បេក្ខជនចំនួន៣ពាន់១៦៤នាក់ ស្រី ១ពាន់៩៥០នាក់ និង ថ្នាក់វិទ្យាសាស្ត្រសង្គម មាន១១មណ្ឌល មាន៣០៥បន្ទប់ មានបេក្ខជនចំនួន៧ពាន់៥៧២នាក់ ស្រីចំនួន ៤ពាន់៣០៧ នាក់។ ម៉្យាងទៀតវិញ្ញាសារប្រឡង មាន ១០មុខវិជ្ជា គឺ គណិតវិទ្យា ភាសាខ្មែរ គីមីវិទ្យា ភូមិវិទ្យា, ប្រវត្តិវិទ្យា ,ពលរដ្ឋវិទ្យា ,ផែនដីវិទ្យា ,រូបវិទ្យា ,ជីវៈវិទ្យា និងភាសារបរទេស។

នាឱកាសនេះដែរលោក អភិបាលរងខេត្ត ក៏បានមានប្រសាសន៍ណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និង ក្មួយៗជាបេក្ខជនទាំងពីរភេទបានឲ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សា នៅ មធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យសកលវិទ្យាល័យផងដែរ ។ ម៉្យាងទៀតបេក្ខជនទាំងពីរភេទ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឲ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះរិះ ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និង ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និង ប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។ លោកបានបន្តថា ការប្រឡងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ជាទំពាំងស្នងឫស្សី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុក វិស័យអប់រំ ជាវិស័យអាទិភាពចម្បង ក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយ ។

សូមបញ្ជាក់ផងដែរថា មុនពេលបេក្ខជនចូលទៅក្នុងមណ្ឌលប្រឡង អ្នកសារព័ត៌មានយើងបាន សង្កេតឃើញ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមគណៈកម្មការមេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជនចូលប្រឡង ធ្វើការលាក់បំបាំងទុកឯកសារយ៉ាងណាក៏ដោយ បានសហការគ្នាល្អ ធ្វើការឆែកឆេ និង ដកហូតនូវឯកសារទាំងនោះ ដោយមានការ ប្រុងប្រយ័ត្នខ្ពស់ មិនឲ្យឯកសារទាំងនោះហូរចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ៕

អត្ថបទទាក់ទង