រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

យុទ្ធនាការទិវាអន្តរជាតិក្មេងស្រីសម្រាប់ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព

  • 8
  • ដោយ vannak

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងកិច្ចនារី និង រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយអង្គការមជ្ឈមណ្ឌល ធនធានស្ត្រី និងអង្គការក្លែនអន្តរជាតិកម្ពុជា បានរៀបចំកម្មវិធីយុទ្ធនាការទិវាអន្តរជាតិក្មេងស្រី សម្រាប់ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព "ដែលប្រារព្ធធ្វើនៅបរិវេណវិទ្យាល័យអង្គរដោយមានការអញ្ជើញជាអធិបតីពីសំណាក់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅក្នុងកម្មវិធី នេះដែរក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីមន្ទីរអង្គភាព តំណាងក្រសួងកិច្ចការនារី តំណាងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត.កងរាជ អាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប, លោក លោកស្រីចៅសង្កាត់ទាំង១២សង្កាត់ គណៈគ្រប់គ្រង និងសិស្សានុសិស្ស មកពីវិទ្យាល័យនិងសាកលវិទ្យាល័យនានាក្នុងខេត្តសៀមរាបចូលរួមផងដែរ ។

លោកស្រី ឃឹម ពិសី នាយិកា អង្គការមជ្ឈមណ្ឌលធនធានស្ត្រី (WRC )បានមានប្រសាសន៍ឲ្យដឹងថាជាមួយគ្នានេះដែលនៅថ្ងៃនេះអង្គការមជ្ឈមណ្ឌលធនធានស្ត្រីបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្រសួងកិច្ចការនារី អង្គការភ្នែនអន្តរជាតិកម្ពុជា និងសមាគមយុវជនខ្មែរ ដើម្បីរៀបចំកម្មវិធីការប្រកួតបាល់ទាត់ក្មេងស្រីក្រោមប្រធានបទ (កីឡាសម្រាប់ ក្មេងស្រី កីឡាដើម្បីទាំងអស់គ្នា) ដើម្បីអបអរសាទរទិវាអន្តរជាតិថ្ងៃសំរាប់ក្មេងស្រីខួបលើកទី១២ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”នាពេលនេះគឺក្នុងគោលបំណងដើម្បីផ្តល់ភាពអង់អាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេងក្នុងការផ្តល់ និងទទួលព័ត៌មាន និងទទួលការអប់រំនានា និងអំពីសិទ្ធិ ការការពារខ្លួនពីការបៀតបៀន ការរៀបការវ័យក្មេង និងការរំលោភបំពានផ្សេងៗ ហើយទិវានេះរួមចំណែកជំរុញការ ប្តេជ្ញាចិត្តជាសកល ក្នុងការបញ្ឈប់ការរើសអើង អំពើហិង្សាគ្រប់ទម្រង់ប្រឆាំងនឹងស្ត្រី និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ច ដែលធ្វើឱ្យប៉ះពាល់ដល់ក្មេងស្រីនិងជាព្រឹត្តិការណ៍មួយក្នុងការបង្កើនភាពអង់អាចនិងសក្តានុពលរបស់ក្មេងស្រី តាមរយៈកៀរគរនិងលើកទឹកចិត្តឱ្យអ្នក ពាក់ព័ន្ធ រួមមានគ្រួសារ សហគមន៍ និងសង្គម បន្តគាំទ្រផ្តល់ឱកាសនិងយកចិត្តទុកដាក់វិនិយោគលើក្មេងស្រីឱ្យ កាន់តែច្រើន ។

លោកស្រី ចេង ជិនណេត ប្រធាននាយកដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ដែរថា យុទ្ធនាការទិវាអន្តរជាតិក្មេងស្រី គឺជាយុទ្ធនាការជាសកល របស់អង្គការសហប្រជាជាតិ ក្នុងការបញ្ឈប់ការរើសអើងអំពើហិង្សា និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ចសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់ក្មេងស្រី ព្រមទាំងចូលរួមបង្កើនភាពអង់អាចរបស់ក្មេងស្រី ដើម្បីឱ្យពួកគេមានឱកាសពេញលេញ ក្នុងការអនុវត្តសិទ្ធិ និងសក្តានុពលរបស់ខ្លួន ។ លោកស្រីប្រធាននាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារីបានបន្តថាព្រឹត្តិការណ៍នេះគឺបានលើកទឹកចិត្តដល់ក្មេងស្រី ក្នុងការមានឱកាសដើម្បីការចូលរួមបង្ហាញនូវទេពកោសល្យនិងសមត្ថភាពរបស់ខ្លួន និងបង្ហាញនូវសន្ទុៈចិត្តដល់ក្មេងស្រីដ៍ទៃទៀតអោយហ៊ានស្រម៉ៃ មានភាពអង់អាច ក្នុងការសម្រចនូវគោលដៅរបស់ខ្លួន ដែលសារទាំងនេះបានបង្ហាញឱ្យឃើញថាក្មេងស្រីអាចធ្វើបាន ក្មេងស្រីមានឱកាស ក្មេងស្រីអង់អាច ក្មេងស្រីអាចចូលរួមបានគ្រប់វិស័យដើម្បីដឹកនាំកិច្ចអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថាក្រោមម្លប់នៃសន្តិភាព និងការភិវឌ្ឍយើងសង្កេតឃើញថាស្ថានភាពឋានៈនិងតួនាទីរបស់ស្រ្តី និងក្មេងស្រីត្រូវបានលើកកម្ពស់ និងមានភាពប្រសើរឡើងជាបន្តបន្ទាប់ ពិសេសគឺក្មេងស្រីបានទទួលនូវសិទ្ធិ ការអប់រំ កាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានត្រៀមខ្លួនដើម្បីចូលរួមជាចលករក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងការងារសង្គមនៅលើក្រុមវិស័យ។ ស្របជាមួយគ្នានេះដែរយើងក៏ឃើញថាពួកគាត់ក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលក្នុងនោះរួមមានការវិវត្តថ្មីៗ របស់សង្គមនៅក្នុងយុគសម័យឌីជីថល ដែលធ្វើឲ្យស្រី និងក្មេងស្រីជួបប្រទះនូវបញ្ហាដូចជា សុវត្ថិភាពក្នុងការដើរហើរ ការឆបោកតាមប្រព័ន្ធអនឡាញ ការបៀតបៀតផ្លូវភេទ និងបញ្ហាអវិជ្ជមានផ្សេងទៀតផងដែរ។ ។លោកស្រីអភិបាលរងខេត្តបន្តថា រដ្ឋាភិបាលកម្ពុជាបានបន្ត និងលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពដែលក្នុងនោះការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅក្នុងការដឹកនាំសាធារណៈគឺជាផ្នែកសំខាន់មួយក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។ លោកស្រីបន្ថែមទៀតថាការប្រកួតបាល់ទាត់ក្មេងស្រី ក្នុងន័យកីឡាដើម្បីក្មេងស្រី កីឡាដើម្បីទាំងអស់គ្នាហើយកីឡាគឺជាមេរៀនភាពជាអ្នកដឹកនាំ កីឡាគឺជាមេរៀនដែលបង្កើននូវភាពជឿជាក់ និងជឿទុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង ពីព្រោះទទួលបានការបង្វឹកយ៉ាងវិជ្ជមាន។ កីឡាគឺជាអ្នកកសាងឱ្យមានភាពក្លាហាន ពីព្រោះបទពិសោធន៍ក្នុង វិស័យកីឡាដែលក្មេងស្រីបានចូលរួម អាចជួយឱ្យយកឈ្នះលើការភ័យខ្លាច ក្នុងការរាយការណ៍ ឬស្វែងរកសេវា និងធនធានផ្សេងៗទៀត ក្នុងនៃជីវិតរបស់ពួកគេ។

លោកស្រី ម៉ននី រង្សី បានមានប្រសាសន៍ជឿជាក់ថា កម្មវិធីនៅថ្ងៃនេះ និងក្លាយទៅជាឱកាសមួយបន្ថែមទៀតដើម្បីបង្កើនភាពអង់អាចរបស់ក្មេងស្រី និងសូមឲ្យពត៌មាន និងសារសំខាន់ៗ ដែលកើតចេញពីកម្មវិធីនេះជាតម្លៃបន្ថែមក្នុងការផ្តល់នូវភាពជាគំរូដល់ក្មេងស្រីដទៃទៀត និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីយកទៅបន្តអនុវត្តផ្លាស់ប្តូរឲ្យមានភាពជាវិជ្ជមាន ក្នុងន័យស្ថាបនាដើម្បីរួមចំណែកការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រី ហើយការងារនេះគឺជាការងាររបស់ទាំងអស់គ្នាផងដែរ៕

អត្ថបទទាក់ទង