រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨

  • 17
  • ដោយ vannak

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតី ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។

បន្ទាប់ពីមតិស្វាគមន៍របស់លោក​ សំកុល​ សុចិត្រា​ អភិបាលរងខត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តនិងជាប្រធានលខាធិការដ្ឋានគណៈបញ្ជាការឯកភាពរួចមក ឯកឧត្តម សួស អង្គារ៍ បានបញ្ជាក់ថា កម្លាំងប្រជាការពារ ជាកម្លាំងដែលមិនអាចខ្វះបាន នៅក្នុងការសហការជួយដល់កម្លាំងនគរបាលមូលដ្ឋាននៅក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ភូមិឃុំសង្កាត់មានសុវត្ថិភាព ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះដើម្បីធានាដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមដំបូលសន្តិភាព។

ឯកឧត្តមមានប្រសាសន៍ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ប្រាកដណាស់ថា មានតួនាទីសំខាន់នៅក្នុងការអនុវត្តកិច្ចការងារនេះ ប៉ុន្តែគេក៏មិនត្រូវមើលរំលងកម្លាំងប្រជាការពារនោះដែរ ព្រោះពួកគាត់បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនេះ។ ទន្ទឹមគ្នានេះ ដើម្បីជំរុញឱ្យការងារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ឯកឧត្តម បានជំរុញដល់មេឃុំ ចៅសង្កាត់ ក៏ត្រូវសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងមូលដ្ឋានចុះធ្វើការអប់រំផ្សព្វផ្សាយជាលក្ខណៈតូចៗឱ្យបានញឹកញាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

សូមជម្រាបថា គោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីភូមិឃុំសង្កាត់មានសុវត្ថិភាពរួមមាន៖ ទី១.ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ទី២.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ទី៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ទី៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព, ទី៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និងទី៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

អត្ថបទទាក់ទង