រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់អង្គការដំណឹងល្អទាំង៤

នៅព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីជួបសំណេះសំណាលជាមួយមន្ត្រីនិយោជិតសាខារួច លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់អង្គការដំណឹងល្អទាំង៤ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមានកុមារកំព្រាចំនួន២៩នាក់ នៅក្នុងអង្គការនេះផងដែរ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធាន តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចប្រធានតែងបានគិតគូរខ្ពស់បំផុតដល់បងប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ជាក់ស្ដែងនៅក្នុងស្ថានភាព ដែលពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផង កំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (COVID-19) សម្ដេចប្រធាន បានណែនាំដល់គណៈកម្មាធិការសាខាទាំង២៥រាជធានី/ខេត្ត សូមយកចិត្តទុកដាក់ពិនិត្យមើលការខ្វះខាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា៖ ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា អ្នកមានជំងឺរ៉ាំ៉រ៉ៃ ជាដើម ដែលបញ្ជាក់ឱ្យឃើញថា ជាការយកចិត្តទុក្ខដាក់គិតគូរខ្ពស់បំផុតរបស់ថ្នាក់ចំពោះប្រជាពលរដ្ឋយើង ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងឱកាសនេះដែរលោកជំទាវអនុប្រធាន និងក្រុមប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ដល់ប្អូនៗកុមារនៅក្នុងអង្គការនេះផងដែរ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ សាប៊ូ១កេស (៧២ដុំ) អាល់កុល ៥លីត្រ ម៉ាស់ ៣ប្រអប់ ភួយ១០ អាវយឺត៣៥ ក្រមា៣៥ អង្ករ១២០គីឡូក្រាម មី១២កេស ត្រីខ៥យួរ និងថវិកាមួយចំនួនផងដែរ។

នាឱកាសថ្ងៃត្រង់នេះ លោកជំទាវអនុប្រធាគណៈកម្មាធិការសាខា ក៏បានចូលរួមពិសាបាយថ្ងៃត្រង់ជាមួយប្អូនៗ ដែលលោកជំទាវបានរៀបចំសម្រាប់ប្អូនៗនូវ បាយសាច់ជ្រូក ពងទា ម្នាក់១ប្រអប់ ផងដែរ៕

អត្ថបទទាក់ទង