រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប​ ដើម្បីស្វែងយល់ពីយន្តការដោះស្រាយទំនាស់ដីធ្លីដែលអាជ្ញាធរបានជួបប្រទះ និងដោះស្រាយកន្លងមក

  • 42
  • ដោយ vannak

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ បានជួបប្រជុំ និង ពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប ថ្នាក់ខេត្តដឹកនាំដោយ ឯកឧត្តម​ តោ​ គិមស៊ាន​ សមាជិកក្រុមប្រឹក្សាខេត្ត​ និងលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត ដើម្បីធ្វើការស្វែងយល់ពីភាពរីកចម្រើន និងបញ្ហាប្រឈម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងស្វែងយល់អំពីយន្តការដោះស្រាយទំនាស់ដីធ្លីនៅក្នុងខេត្ត ដោយមានការចូលរួមពីប្រតិភូ និងថ្នាក់ដឹកនាំនានាក្នុងខេត្តជាច្រើនរូប។លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានបង្ហាញអំពីផ្ទៃដីខេត្ត ដែលមានទាំងប្រភេទដីកម្មសិទ្ធិឯកជន និងកម្មសិទ្ធិសាធារណៈ ដោយដីជាកម្មសិទ្ធិសាធារណៈមានអាជ្ញាធរកាន់កាប់ដីរដ្ឋ មានដូចជា៖អាជ្ញាធរជាតិអប្សរា អាជ្ញាធរទន្លេសាប ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងធនធានទឹក ក្រសួងវប្បធម៌ ក្រសួងសាធារណការ និងដឹកជញ្ជូនជាដើម ដែលកាន់កាប់ដីសាធារណៈរបស់រដ្ឋ ដូចមានកំណត់ក្នុងមាត្រា ១៥ នៃច្បាប់ភូមិបាលឆ្នាំ២០០១។ ភាគច្រើនដីរដ្ឋ និងដីប្រជាពលរដ្ឋម្នាក់ៗ មិនទាន់បានចុះបញ្ជីដីធ្លីឲ្យបានគ្រប់ក្បាលដីនៅឡើយ ដែលជាហេតុបង្កឱ្យមាននូវវិវាទកាន់កាប់ដីធ្លី និងព្រំប្រទល់រវាងកម្មសិទ្ធិករដែលជាប់ព្រំគ្នា។ លោកអភិបាលរងខេត្ត បង្ហាញទៀតថា ចំពោះលទ្ធផលនៃការដោះស្រាយវិវាទដីធ្លីគិតមកទល់ពេលនេះ ក្រុមការងារបានទទួលបណ្ដឹងចំនួន ៤៩២ ករណី ដោះស្រាយចប់រួចរាល់ចំនួន ៣៣៥ករណី និង ១៥៨ករណីទៀតកំពុងបន្តពិនិត្យដោះស្រាយ ដែលជាករណីទាមទារសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋលើដីរដ្ឋ និង ករណីវិវាទទាមទារសិទ្ធិដីធ្លីរវាងភាគីប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ។ ជាមួយនេះក្រុមការងារក៏នៅជួបប្រទះនៅបញ្ហាប្រឈមមួយចំនួនទៀត ហើយដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នេះ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ នឹងបន្តពង្រឹងតួនាទីភារកិច្ច និងយន្តការនៃការដោះស្រាយវិវាទដីធ្លីឱ្យកាន់តែមានប្រសិទ្ធភាព, ជំរុញការចុះបញ្ជីដីធ្លីទូទាំងខេត្តឱ្យបានរួចរាល់គ្រប់ក្បាលដីនៅបំណាច់ឆ្នាំ២០២៥, បន្តផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ, ទប់ស្កាត់ បង្ក្រាប និងចាត់វិធានការចំពោះជនល្មើសរំលោភកាន់កាប់ដីរដ្ឋតាមនីតិវិធីច្បាប់ជាធរមាន និង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយវិវាទដីធ្លីឱ្យបានឆាប់រហ័ស។ក្នុងជំនួបពិភាក្សានោះដែរ សមាជិកប្រតិភូក៏បានលើកឡើង ដោយផ្តោតទៅលើបញ្ហា ក្មេងទំនើង គ្រឿងញៀន និង ការគ្រប់គ្រងពន្ធ័នាគារ ដែលមានបទល្មើសអ្វីច្រើនជាងគេ ព្រមទាំងនីតិវិធីដោះស្រាយក្រៅប្រព័ន្ធតុលាការ ទៅលើ វិវាទដីធ្លី របស់រដ្ឋបាលខេត្តសៀមរាប។ ឯកឧត្តម សរ ចំរុង បានជម្រាបជូនថ្នាក់ដឹកនាំខេត្តសៀមរាប អំពីភារកិច្ចសំខាន់ៗ របស់រដ្ឋសភាដែលមានដូចជាការងារនីតិកម្ម ការតាមដាន ការអនុវត្តច្បាប់ និងភាពជាអ្នកតំណាងរបស់ពលរដ្ឋព្រមទាំងបានជម្រាបជូនពីគោលបំណងនៃបេសកកម្មរបស់គណៈកម្មការមកកាន់ខេត្តសៀមរាប ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋដោយឈរលើគោលការណ៍ច្បាប់ ។ ឯកឧត្តម សរ ចំរុង ក៏បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា គណៈកម្មការបានទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ មានចំនួន ៣៥រឿង អន្តរគមន៍ពាក្យបណ្តឹងចំនួន ១៦រឿង ពាក្យបណ្តឹងកំពុងពិនិត្យចំនួន១៩រឿង និងលិខិតឆ្លើយតបពីក្រសួងស្ថាប័នពាក់ព័ន្ធបានចំនួន ៣រឿងផងដែរ។ ជាមួយនេះឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ពន្លឿនការងារដោះស្រាយបញ្ហាដីធ្លីនេះបន្ថែមទៀត ធ្វើយ៉ាងណាឲ្យការ ងារនេះបញ្ចប់ទៅដោយរលូនតាមការរំពឹងទុក ។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកឡើងពីស្ថានកាណ៍នយោបាយក្នុង និង ក្រៅប្រទេស អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និង ការធ្វើឲ្យកើតមានបដិវត្តពណ៌ និងពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នៅលើកសកលលោកទៀតផង។

អត្ថបទទាក់ទង