ថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាបបានអនុញ្ញាតឱ្យក្រុមហ៊ុន Nickol Global Solution អង្គការ InSTEDD និងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) ចូលជួបសម្តែងការគួរសម ដែលក្រុមហ៊ុន និងអង្គការទាំងបី មានគោលដៅតែមួយ ដើម្បីពិភាក្សាការងារពាក់ព័ន្ទនឹងអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរដ្ឋបាលខេត្ត ព្រមទាំងការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរដ្ឋបាលក្រុងសៀមរាប។ក្នុងកិច្ចពិភាក្សានេះដែរ លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានដំណើការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរយៈពេល២ឆ្នាំមកហើយ ហើយយើងបានទទួលការស្នើសុំសេវាផ្សេងៗជាច្រើន និងបានបំពេញតម្រូវការនេះ ដោយភាពជោគជ័យ ហើយក៏ជួបនូវបញ្ហាមួយចំនួនផងដែរ។ ជុំវិញកិច្ចដំណើរការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយនេះ យើងក៏រង់ចាំទទួលដោះស្រាយបញ្ហា និងសំណូមពរផ្សេងៗពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់សំណើផងដែរ ដែលតម្រូវឱ្យពួកគាត់ដាក់ពាក្យចូលមកការិយាល័យប្រជាពលរដ្ឋ ប៉ុន្តែភាគច្រើន ពួកគាត់បានផ្ញើជាសារចូលក្នុងគេហទំព័ររបស់រដ្ឋបាលខេត្តសៀមរាបផ្ទាល់ ហើយយើងធ្វើការដោះស្រាយរាល់បញ្ហា និងសំណូមពររបស់ពួកគាត់ដូចគ្នា។ បច្ចុប្បន្នេះ យើងបានដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋបានចំនួន ៧ក្រុង ស្រុក ហើយ៥ស្រុកទៀត នឹងដំណើរការនាចុងឆ្នាំ២០២០នេះ។ទន្ទឹមនេះ តំណាងក្រុមហ៊ុន និងអង្គការបានធ្វើបទបង្ហាញស្តីពីការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដែលផ្សារភ្ជាប់ប្រជាពលរដ្ឋទៅនឹងព័ត៌មានអំពីសេវារបស់ការិយាល័យច្រកចេញចូលតែមួយ។ ការណ៍នេះ គឺជាសកម្មភាពដែលក្រុមហ៊ុន និងអង្គការបាននិងកំពុងដំណើរការសាកល្បងក្នុងខេត្តបាត់ដំបងរយៈពេលមួយឆ្នាំមកហើយនិងមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋ។ជាមួយគ្នានេះ តំណាងក្រុមហ៊ុន និងអង្គការស្នើសុំការគាំទ្រពីរដ្ឋបាលខេត្ត ដើម្បីអនុវត្តគម្រោងខាងលើក្នុងជំហ៊ានសាកល្បងក្នុងក្រុងសៀមរាប ហើយអញ្ជើញទៅទស្សនាអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរដ្ឋបាលខេត្ត។
