រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ

  • 1
  • ដោយ vannak

នៅព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៤ នៅបរិវេណ ពុទ្ធមណ្ឌលវិសបស្សនាអន្តរជាតិ កម្ពុជា ឃុំ លាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានដំណេីរការ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានសមាជិកសមាជិកាចូលរួម អង្គវេទិកា ប្រមាណជា ៣០០នាក់ ។

នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ ប្រជាពលរដ្ឋបានលេីកឡេីងពីទុក្ខកង្វល់ លើបញ្ហាដីធ្លីក្នុងតំបន់១និងតំបន់២ (តំន់រមណីយដ្ឋានអង្គរ) ផ្តោតលើការផ្ទេរកេរ្តិ៍មរតកដីធ្លី ពីឪពុកម្តាយ ជីដូនជីតាមកឲ្យកូនចៅ ,ការស្មើសុំធ្វើប័ណ្ណ (ប.ស.ស) ប័ណ្ណសមធម៌ , អំពីតម្លៃកសិផលថោក (ស្រូវ និង ដំឡូង ) និង សុំបញ្ចុះ តម្លៃសេវាព្យាបាល ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំ ។ ឆ្លើយតបទៅនឹងសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និង លោកអភិបាលរងខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានធ្វើការបំភ្លឺ នូវសំណួរ សំណូមពរនិងក្តីកង្វល់ដែលប្រជាពលរដ្ឋលើកជាក់ស្ដែង ចំនួន ១៤ ។ ដោយឡែកចំពោះសំណួរសំណូមពរជាលាយលក្ខ័ណ៍អក្សរចំនួន ១២ នៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមប្រឹក្សាខេត្តនឹងប្រមូលយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម លី សំរិទ្ធ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។ ឯកឧត្តម បានបន្តថា រាល់បញ្ហាដែលប្រជាពលរដ្ឋ បានផ្តល់មតិយោបល់ សំណើ សំណូមពរ និងអនុសាសន៍ ទាំងនេះ ជាយន្តការកែលម្អដល់ការអភិវឌ្ឍមូលដ្ឋានខេត្តសៀមរាបឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ពិសេសការលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ ព្រមទាំងបានជម្រុញដល់គណៈអភិបាលខេត្ត អាជ្ញាធរស្រុក ឃុំ ពន្លឿនក្នុងការដោះស្រាយវិវាទដីធ្លី ក្នុងពេលដែល បានកំពុងធ្វើការវាស់វែងជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ និង ធ្វើការដោះស្រាយរាល់ទំនាស់ក្រៅប្រព័ន្ធតុលាការ ឲ្យប្រកប ដោយប្រសិទ្ធភាពខ្ពស់ និង ធ្វើការណែនាំ ចលនាប្រជាពលរដ្ឋ ដើមី្បបង្កើតសហគមន៍កសិករ ដើមី្បបង្កើនចំណូលរបស់ប្រជាពលរដ្ឋ ហើយមន្ត្រីទាំងអស់ផ្សារភ្ជាប់ និងជីវភាពរបស់កសិករ ដើមី្បស្រាយឲ្យបាននូវទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ។

លោក លី សារី បានធ្វេីការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកអង្គរធំ ដែលបានលើកឡើងនូវសំណើរ និងសំណូមពរយ៉ាងផុសផុល ដែលនេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររបស់បងប្អូន។ លោកអភិបាលរងខេត្ត បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវបន្តពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈម ចាំបាច់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និង ជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ និង អាជ្ញាធរឃុំ ស្រុក សហការគ្នាធ្វើការដោះស្រាយ នូវរាល់បញ្ហាដែលបងប្អូនបានលើកឡើង។ លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ រាល់សំណួរ សំណូមពរដែល បងប្អូនលើកឡើង ដោយកណីរមួយចំនួនស្ថិតក្នុងដែនសមត្ថកិច្ចអាជ្ញាធរជាតិអប្សរាគ្រប់គ្រង និង មួយចំនួនស្ថិតក្នុងដែនសមត្ថកិច្ចរដ្ឋបាល ដែលត្រូវធ្វើការដោះស្រាយ ក្រៅប្រព័ន្ធតុលាការផងដែរ ៕

អត្ថបទទាក់ទង