នាព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤នេះ នៅក្នុងទីវត្តប្រាសាទបន្ទាយស្រី ស្រុកសូទ្រនិគម រដ្ឋបាលខេត្តសៀមរាប បានដំណេីរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់គោលដៅទី១០ នៅស្រុកសូទ្រនិគម ក្រោមការដឹកនាំសម្របសម្រួល របស់ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានវត្តមានអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក មេឃុំ មេភូមិ ប្រជាពលរដ្ឋ ប្រមាណជាង៤០០នាក់ចូលរួម។
លោកស្រី ម៉ននី រងី្ស ក៏បានគូសបញ្ជាក់ផងដែរថា ចំពោះរាល់ទង្វើងទាំងឡាយណា ដែលបានធ្វើទៅខុសពីច្បាប់ណែនាំ និងបានកំណត់ គឺត្រូវទទួលទោសចំពោះមុខច្បាប់ ។ ក្នុងករណី លើការស្តារប្រឡាយ នៅក្នុងដីតំបន់២ ដើមី្បទាញទឹកយកមកស្រោចស្រពដំណាំស្រូវនោះ គឺត្រូវប្រើប្រាស់កម្លាំងពលកម្ម មិនប្រើប្រាស់គ្រឿងចក្រឡើយ ដែលធ្វើឱ្យបាត់បង់ព្រៃធម្មជាតិ (ព្រៃលិចទឹកនៅអមរ៉បមាត់ប្រឡាយ) និង មិនអនុញ្ញាតឱ្យធ្វើការបំពានធ្វើស្រែក្នុងដីតំបន់៣ជាដាច់ខាត បើជនណាប្រព្រឹត្តហួសខែ្សបន្ទាត់ព្រំ ដែនអាជ្ញាធរជាតិបឹងទន្លេសាបបានកំណត់ ត្រូវអនុវត្តទៅតាមផ្លូវច្បាប់។ លោកស្រី អភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានស្រុក ឃុំ និង កងកម្លាំងនិងមន្ទីរពាក់ព័ន្ធរួមសហការគ្នា បន្តអនុវត្តនូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើមី្បកុំឱ្យមានភាពអាណាធិបតេយ្យកើតមានបន្ត នៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប។
ឯកឧត្តម តោ គឹមស៊ាន វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះជាយន្តការក្នុងការពង្រឹងនីតិរដ្ឋនិងអភិបាលកិច្ចល្អនៅមូលដ្ឋាន ព្រមទាំងជាយន្តការមួយជួយជម្រុញឲ្យការអភិវឌ្ឍតាមបែបលទ្ឋិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែទៅមុខឥតឈប់ឈរ និងកាន់តែចាក់ឬសយ៉ាងជ្រៅទៅក្នុងសហគមន៍មូលដ្ឋាន។ ឯកឧត្តម បានស្នើដល់អាជ្ញាធរមូលដ្ឋាននិងមន្ត្រីអង្គភាពជំនាញពាក់ព័ន្ឋ ត្រូវពិនិត្យ តាមដាន ដោះស្រាយរាល់សំណើ និងសំណូមពរ លើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដោយឈរលើស្មារតីសាមគ្គីនិងឯកភាព មានអភិបាលកិច្ចល្អ ស្របតាមច្បាប់គតិយុត្តនៅមូលដ្ឋានថ្នាក់ក្រោមជាតិ ជាពិសេសស្របតាមកម្មវិធីនយោបាយយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ផ្តោតលើគន្លឹះអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹកភ្លើង និងបច្ចេកវិទ្យា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។
អង្គវេទិកាទទួលបានសំណួរ និងសំណូមពរផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីចំនួន ១៧សំណួរ សំណូមពរក្នុងនោះសំណួរផ្ទាល់មាត់១៣និងសំណួរសំណូមពរលាយលក្ខណ៍ជាអក្សរមិនទាន់បានឆ្លើយចំនួន៤ ដោយផ្តោតទៅលើការមិនយល់ព្រមរបស់ប្រជាពលរដ្ឋក្នុងការបើកផ្លូវលើដីរបស់ពួកគាត់នៅពេលវាស់វែងជាលក្ខណៈប្រព័ន្ធ និងបញ្ហាផ្លូវថ្នល់ ,សុំស្តារប្រព័ន្ធធារាសាស្ត្រក្នុងដីតំបន់២ បឹងទន្លេសាប ,ការធ្វើស្រែប្រាំងចូលក្នុងដីតំបន់៣ បឹងទន្លេសាប ព្រមទាំងសុំកាន់កាប់ដីទីទួលបូរាណដែលប្រជាពលរដ្ឋអាស្រ័យផលយូឆ្នាំមកហើយ ។ ចំពោះរាល់សំណួរ និងសំណូមពរ ដែលមិនទាន់បានបកស្រាយបំភ្លឺ ក្រុមប្រឹក្សាខេត្ត នឹងប្រមូលយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប ជម្រាបជូន ដល់ម្ចាស់សំណួរ តាមកាលវេលាសមគួរតាមរយៈអាជ្ញាធរមូលដ្ឋាន ។ រាល់បញ្ហាលើកឡើងនេះត្រូវបានវាគ្មិនជំនាញពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន បានស្រាយបំភ្លឺ និងពន្យល់យ៉ាងក្បោះក្បាយ ៕