រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន

  • 1
  • ដោយ vannak

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ជាតំណាងឱ្យក្រសួង អភិវឌ្ឍន៍ជនបទ និងលោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលជាអធិបតីភាពក្នុងសិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន ដោយមានការអញ្ជេីញចូលរួមពីលោក Oska Hap ប្រធានកម្មវិធីអង្គការអុកស្វាម និងសហការី លោក លោកស្រី អ្នកនាងកញ្ញា តំណាងឱ្យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថាKOICA ប្រចាំប្រទេសកម្ពុជា និងសហការី លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកតំណាងឱ្យមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប លោកអភិបាល អភិបាលរងនៃគណៈអភិបាលស្រុកស្វាយលើ ស្រុកវ៉ារិន ស្រុកពួក ស្រុកប្រាសាទបាគង លោកប្រធានអង្គការយូរីដូ និងសហការី លោកប្រធានក្រុមប្រឹក្សាឃុំគោលដៅ ទាំង៦ លោក លោកស្រីជាជនបង្គោលអនាម័យភូមិ លោក លោកស្រី នាយក-នាយិកា សាលាគោលដៅទាំង១២។

លោក សុខ ថុល អភិបាលរងខេត្ត មានប្រសឆសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេស ជាតិទទួលបាន នូវ ការចម្រើនគ្រប់វិស័យ ដែលបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្តសៀមរាបក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជម្រុ ញ ការអភិវឌ្ឍនានានៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររនៅក្នុងប្រទេសកម្ពុជាស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះផងដែរការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទគឺជាផ្នែកមួយយ៉ាងសំខាន់ដែលរដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់សេវាផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋនិយាយជារួមគឺការសម្រចឱ្យបាននូវទស្សនៈវិស័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅប្រទេសកម្ពុជា (CSDG)ទី៦ បានចែងថា៖ “ធានាឱ្យមានទឹកស្អាត និងអនាម័យ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា” ហើយចំណុច៦.២ បានកំណត់ថា “ត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានគ្រប់គ្រាន់ និងសមធម៌នូវអនាម័យសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនិងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយផ្តោតការយកចិត្តទុកដាក់លើសេចក្តីត្រូវការរបស់ស្ត្រី កុមារី និងប្រជាពលរដ្ឋដែលរស់នៅក្នុងស្ថានភាពងាយរងគ្រោះ “។

លោកបានបន្តថា ជាយន្តការសំខាន់ៗមួយចំនួនដែលរដ្ឋបាលខេត្តសៀមរាប បានដាក់ចេញដើម្បីចូលរួមធ្វើឱ្យប្រសើរឡើង ក្នុងការលើកកម្ពស់ផ្នែកផ្គត់ផ្អង់ទឹកស្អាត និងអនាម័យជនបទ រួមមាន៖ ការបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គង់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ស្រុក សេចក្តីណែនាំស្តីពី ការចូលរួមជម្រុញលើកកម្ពស់កិច្ចសហប្រតិបត្តិសុខភាព និងអនាម័យជនបទ ក្រុមការងារជម្រុញនឹងផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងក្រុមការងារផ្សេងៗពាក់ព័ន្ធផ្សេងទៀតដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តការលើកកម្ពស់ផ្នែកទឹកស្អាត និងអនាម័យប្រព្រឹត្តទៅដោយរលូន និងសម្រេចតាមផែនការដែលបានគ្រោងទុក ។ ជាមួយគ្នានេះផងដែរ ខេត្តសៀមរាប អត្រាគ្របដណ្តប់ផ្នែកអនាម័យមានក្នុងកម្រិត ៤០.២០% និងអត្រាគ្របដណ្តប់ទឹកមានក្នុងកម្រិត ៣៥.៤០% ហើយក្នុងនោះដែរខេត្តសៀមរាប ពុំមានភូមិ ឃុំ ឬស្រុកណាមួយក្នុងខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទេ ។ ក៏ប៉ុន្តែ១០ឆ្នាំក្រោយគឺឆ្នាំ២០២៤ អត្រាគ្របដណ្តប់ទឹកក្នុងខេត្តសៀមរាបមាន ៨១% និងអត្រាគ្របដណ្តប់អនាម័យមាន១០០% ។ ដោយឡែកក្រុង ស្រុក ODFមានចំនួន១៣ ឃុំ/សង្កាត់ ODFមានចំនួន១០០ ឃុំ/សង្កាត់ និងភូមិODFមានចំនួន ៩៤៦ភូមិ ។ លទ្ធផលដែលយើងទទួលបានក្នុងពេលនេះគឺពិតជាមិនងាយស្រួលពេកនោះទេ ភាពងាយស្រួល បញ្ហាប្រឈមនានាជាច្រើនដែលយើងបានជួបប្រទះនៅក្នុងក្នុងកំឡុងពេលអនុវត្តការងារក្នុងការលើកកម្ពស់ផ្នែកទឹកស្អាត និងអនាម័យ ជាពិសេសគឺការជម្រុញឱ្យខេត្តសៀមរាបក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ជារឿងមួយដែលមានភាពស្មុគស្មាញនិងលំបាកជាច្រើន ប៉ុន្តែការងារនេះត្រូវបានសម្រេចដោយជោគជ័យ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងល្អពីគ្រប់អ្នកពាក់ព័ន្ធតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ ជាពិសេសគឺដៃគូអភិវឌ្ឍន៍នានាដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការនេះ ក្នុងនោះក៏មានអង្គការយូរីដូ អង្គការអុកស្វាម ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញឱ្យសម្រេចបាននូវខេត្តសៀមរាបជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលផងដែរ ។

លោកបានបញ្ជាក់ទៀតថា គម្រោងលើកកម្ពស់ទឹកស្អាតនិងអនាម័យប្រកបដោយបរិយាបន្ន និងនិរន្តភាពនៅតំបន់ឋនីយជីវមណ្ឌលបឹងទន្លេសាប ហៅកាត់ថា FOWASH ដែលទទួបានការគាំទ្រអង្គការអុកស្វាម តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA និងអនុវត្តដោយអង្គការយូរីដូ គឺជាគម្រោងមួយដ៏មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាតនិងលើកកម្ពស់អនាម័យជនបទក្នុងខេត្តសៀមរាប ជាពិសេសគឺការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ គម្រោងនេះបានអនុវត្តន៍នូវសកម្មភាពរបស់ខ្លួនជាច្រើនដែល រួមមានទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យតាមសហគមន៍និងសាលារៀនការកសាងសមត្ថភាពសហគមន៍ ការបណ្តុះបណ្តាលនានា ដែលទាំងនេះគឺពិតជាអ្វីដែលរដ្ឋបាលខេត្តត្រូវការចាំបាច់យ៉ាងខ្លាំងក្នុងការលើកកម្ពស់សមត្ថភាពនិងការយល់ដឹងរបស់ប្រជាពលរដ្ឋលើផ្នែកទឹកស្អាត និងអនាម័យឈានទៅរកសហគមន៍ជនបទដែលរស់នៅប្រកបដោយអនាម័យល្អ សុខភាពល្អ និងរស់នៅក្នុងបរិស្ថានល្អស្អាតសមរម្យ៕

អត្ថបទទាក់ទង