នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរភូមិ ឃុំ និងប្រជាការពារក្នុងមូលដ្ឋានផងដែរ បានដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានសាងសង់លើដីចំណីផ្លូវ ស្ថិតនៅតាមបណ្ដោយផ្លូវខាងកេីតមាត់ស្ទឹង ភូមិវត្តដំណាក់ (ចាប់ពីស្ពានអាងក្រពេី ដល់រង្វង់មូលវត្តដំណាក់) សង្កាត់សាលាកំរេីក ក្រុងសៀមរាប ដែលជាផ្លូវមួយក្នុងចំណោមផ្លូវដែលត្រូវសាងសង់ ចំនួន ៣៨ខែ្ស ដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រគល់ជូនខេត្តសៀមរាប ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់តែមានភាពប្រសើរឡើងវិញ។ក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៦ ក៏បានផ្ដល់អនុសាស្ដ្រ មតិល្អៗមួយចំនួន ណែនាំ ព្រមទាំងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវដែលរាជរដ្ឋាភិបាលបានគ្រោងនឹងសាងសង់នេះ ដោយមានការចូលរួមសហការជាមួយក្រុមការងារយ៉ាងសស្រាក់សស្រាំ និងរីករាយក្នុងការរុះរើសំណង់របស់ខ្លួន ព្រមទាំងសម្ភារផ្សេងៗទៀតតាមការវាស់វែងរបស់ក្រុមការងារ។ ក្នុងនាមក្រុមការងារ និងរដ្ឋបាលខេត្តសៀមរាប សូមស្នើដល់បងប្អូនបន្តចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅតាមផែនការ ដែលបានគ្រោងទុក៕
