រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤

  • 1
  • ដោយ vannak

នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ខួបលើកទី១៨ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងសម័យឌីជីថល ” ដើម្បីផ្សព្វផ្សាយការយល់ដឹង ឱ្យកាន់តែទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ បង្កើតឡើងដោយជនល្មើស ដែលមានកលល្បិចពិសពុលយ៉ាងសម្បូរបែបប្រកបដោយគ្រោះថ្នាក់ និងធ្វើឲ្យមនុស្សជាច្រើនធ្លាក់ចូលក្នុងអន្ទាក់ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចយ៉ាងសាហាវឃោរឃៅ។ ទិវាជាតិនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) លោកជំទាវ ស៊ិន ណមសមាជិកក្រុមប្រឹក្សាខេត្ត និងជាតំណាងឯកឧត្តម លី សំរឹទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈកម្មាធិការខេត្ត (គ.ខ.ប.ជ) ព្រមទាំងមានការនិមន្តអញ្ជើញចូលរួម ព្រះសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សមាជិកក្រុមប្រឹក្សាខេត្ត អគ្គកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាល អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាសង្កាត់ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ អង្គការដៃគូជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ តំណាងសាសនានានា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សមាគមសិស្សនិស្សិតបញ្ញា វន្តក្មេងវត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម សិស្សនិស្សិត និងប្រជាពលរដ្ឋសរុប ១០០០អង្គ/នាក់ ចូលរួមផងដែរ។

មានប្រសាសន៍នៅក្នុងកិច្ចស្វាគមន៍ លោកស្រី ម៉ននី រង្សីអភិបាលរងខេត្ត និងអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ ខេត្តសៀមរាប បានលើកឡើងក្រោយពីបានជម្រាបជូនអំពីរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថា រដ្ឋបាលរដ្ឋខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសេនាធិការ និងមានរចនាសម្ព័ន្ធនៅថ្នាក់មូលដ្ឋាន បានកិច្ចខិតខំប្រឹងប្រែង និងមានកិច្ចសហការល្អជាមួយបណ្តាមន្ទីរ អង្គភាព និងអង្គការដៃគូជាតិ អន្តរជាតិក្នុងការអនុវត្តសកម្មភាពការងារដោយបានពង្រឹង និងបង្កើនការបង្ការទប់ស្កាត់ ការពារ បង្ក្រាបទល្មើស ការផ្តន្ទាទោស និងការជួយជនរងគ្រោះបានដោយស្របសម្រប និងឆ្លើយតបជាពហុវិស័យ។ ទន្ទឹមនឹងលទ្ធផលខាងលើ បញ្ហានៃអំពើជួញដូរមនុស្ស នៅតែមិនទាន់ផុតរលត់ និងមានលក្ខណៈស្មុកស្មាញ ដែលទាមទារឱ្យបន្តបេសកកម្ម និងខិតខំឱ្យកាន់តែខ្លាំងបន្ថែមទៀត ដែលទាមទារឱ្យមានការគាំទ្រ និងកិច្ចសហការកាន់តែទូលំទូលាយ ដើម្បី បង្ការទប់ស្កាត់ ឈានទៅលុបបំបាត់អំពើជួញដូរមនុស្ស ឱ្យបានជោគជ័យ ។

ថ្លែងក្នុងពិធីនេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានតម្កល់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារឲ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ កាន់តែទូលំទូលាយ និងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយឋាមពល និងសក្តានុពល។ លោកជំទាវ បន្តថា រាជរដ្ឋាភិបាលកម្ពុជាយើង នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងមុះមុតប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រឹដ្ឋដទៃទៀត ដែលបាននឹងកំពុងតែយាយីបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាបានបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរផងដែរ ។ លោកជំទាវ បានបញ្ជាក់ទៀតថា នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងមកនេះ បទល្មើសជួញដូរមនុស្សក្នុងតំបន់ និងនៅតាមបណ្តាប្រទេសលើពិភពលោក មិនបានថមថយឡើយ បើទោះបីជាមានការខិតខំប្រឹងប្រែងពីបណ្តារដ្ឋាភិបាលនៃប្រទេសតូចធំទាំងឡាយយ៉ាងណាក៏ដោយ។ ប្រទេសនីមួយៗ ខិតខំបង្កើតឲ្យមានច្បាប់ គោលនយោបាយ យន្តការជាតិយុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រជំនាញដ៏សម្បូរបែប ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ក៏ប៉ុន្តែតែនៅតែមានជនរងគ្រោះកាន់តែច្រើនឡើងៗ ដែលបាននឹងកំពុងរងទុក្ខវេទនាដោយការធ្វើទុក្ខបុកម្នេញ និងកេងប្រវ័ញពីឧក្រឹដ្ឋជនជាដើម។

បន្ថែមពីនោះ លោកជំទាវបានធ្វើការអំពាវនាវ ដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ព្រះសង្ឃ និងមេដឹកនាំសាសនាគ្រប់និកាយ និងបងប្អូនជនរួមជាតិទាំងអស់ បន្តខិតខំបំពេញភារកិច្ចឱ្យបានល្អតាមតួនាទី ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យប្រកបដោយការទទួលខុសត្រូវ ខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ដោយអនុវត្តតាមអភិក្រម “ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីធ្វើខ្លួនជាមន្រ្តីល្អសក្កិសមនឹងការជឿទុកចិត្ត ពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ បង្កើនការយកចិត្តទុកដាក់គ្រប់គ្រងព្រំដែន និងលំហូរឆ្លងកាត់ព្រំដែន គ្រប់ទីតាំង ឱ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឱ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ។ ចូលរួម និងបង្កើនការអប់រំផ្សព្វផ្សាយ និងសហការគ្នា ការពារទប់ស្កាត់រាល់បទល្មើស ការពារកូនចៅ និងអ្នករស់នៅក្នុងសហគមន៍ពីភាពរងគ្រោះ និងគប្បីផ្តល់ការអនុគ្រោះ ជួយការពារ គាំទ្រ និងអប់រំព្យាបាលរបួលផ្លូវចិត្តជនធ្លាប់រងគ្រោះ និងជួយតម្រង់ទិសរកភាពរីកចម្រើន។ គប្បីរាយការណ៍ សហការ និងគាំទ្រអាជ្ញាធរ និងសមត្ថកិច្ចឱ្យធ្វើការស៊ើបអង្កេត និងបង្ក្រាបបទល្មើស និងជនល្មើស ដើម្បីសុវត្ថិភាពសហគមន៍ ហើយចៀសវាង កុំចូលរួម កុំគាំទ្រ កុំប្រព្រឹត្ត និងទទួលផលពីអំពើទុច្ចរឹត។

អត្ថបទទាក់ទង