នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាងឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារជំនាញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន តំណាងអគ្គីសនីកម្ពុជា លោកអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ មេឃុំ និងតំណាងក្រុមហ៊ុនសាងសង់ ដើម្បីចុះពិនិត្យកន្លែងសាងសង់គ្រឹះបង្គោល អូសខ្សែបញ្ជូនអគ្គិសនី និងកាប់សម្អាតដើមឈើតាមបណ្តោយគន្លងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល។ សូមបញ្ជាក់ថា អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលនេះ គឺផលិតពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកអនុស្ថានីយអគ្គីសនីសៀមរាប ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តឧត្តមានជ័យនិងខេត្តសៀមរាប ហេីយឆ្លងកាត់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព គ្រប់គ្រងដោយក្រសួងបរិស្ថាន។ ជាមួយនឹងការចុះអនុវត្តកាប់មែកឈេីតាមគន្លងខ្សែតង់ស្យុងនេះ ក្រុមការងារបានពិនិត្យលើអត្តសញ្ញាណរបស់កម្មករ ប្រើប្រាស់ម៉ាស៊ីនរណារយន្ត លេខរណារយន្ត គ្រឿងចក្រ និងរថយន្តដែលត្រូវបម្រើការកាត់ឆ្ការដើមឈើតាមបណ្តោយគន្លងខែ្សបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ដែលមានប្រវែងសរុប ១៣៥គីឡូម៉ែត្រ ដោយមានទទឹង៣០ម៉ែត្រ ដែលបានប្រគល់គម្រោងនេះជូនក្រុមហ៊ុន Pestech (Cambodia) PLC,ជាអ្នកអនុវត្ត៕
