
ក្នុងកិច្ចជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា លោកស្រី មេឡូនី លីនប៊ិក បានរាយការណ៍អំពីផែនការ និងសកម្មភាពរបស់ខ្លួនដូចខាងក្រោម ៖
១.អង្គការមូលនិធិអាស៊ី ជាស្ថាប័នមិនគិតប្រាក់ចំណូល ដែលមានមូលដ្ឋានគ្រឹះនៅសហរដ្ឋ-អាមេរិក ដោយធ្វើការលើការងារសង្គមកិច្ច តួយ៉ាង វិស័យអប់រំ ការប្រឆាំងអំពើហឹង្សាលើស្ត្រី ការពង្រឹងអភិបាលកិច្ចល្អ និងការគាំទ្រលើកិច្ចការបរិស្ថាន តាំងពីឆ្នាំ១៩៥៥ ដល់បច្ចុប្បន្ន។
២.អង្គការមូលនិធិអាស៊ី បាននិងកំពុងរៀបចំគម្រោងផ្នែកបច្ចេកវិទ្យាសម្រាប់ការគាំទ្រលើកិច្ចការស្ត្រី ដោយនិងសហការផ្សព្វផ្សាយនៅគ្រឹះស្ថានសិក្សានានា។
៣.អង្គការមូលនិធិអាស៊ី បាននិងកំពុងរៀបចំគម្រោងគ្រប់គ្រងទិន្នន័យសម្រាមក្នុងខេត្តសៀមរាប តាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទូរស័ព្ទ (App) ដែលប្រជាជនអាចប្រើប្រាស់បច្ចេកទេសនេះបាន ដូចជា ការផ្តល់ព័ត៌មានចោលសម្រាម ការបង់ថ្លៃសេវា។ល។ អង្គការមូលនិធិអាស៊ី បានចុះ អនុស្សរណៈជាមួយក្រុងសៀមរាប កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដែលនឹងអនុវត្តគម្រោងនេះ ក្រោមជំនួយថវិការបស់សហរដ្ឋអាមេរិក និងមានរយៈពេល ៣ឆ្នាំសម្រាប់ការអនុវត្តគម្រោង។
៤.គម្រោងការគ្រប់គ្រងទិន្នន័យសម្រាមនេះ នឹងត្រូវអនុវត្តជាជំហាន ដោយការសិក្សាបឋម ត្រូវចែកជា ៣ផ្នែកជាមុនសិន មុនឈានសម្រេចកំណត់យកជម្រើសណាក្នុងចំណោម៣ ដូចជា ការរៀបចំប្រព័ន្ធគ្រប់គ្រងក្នុងទូស័រព្ទ ការផ្តល់ធុងសម្រាមដល់ប្រជាជន និងការផ្សព្វផ្សាយ និងអប់រំក្នុងសហគមន៍ចំនួន ១៣សហគមន៍ក្នុងក្រុងសៀមរាប។
៥.អង្គការមូលនិធិ នឹងផ្តល់សៀវភៅអប់រំផ្សេងៗដល់ខេត្តសៀមរាបនៅឆ្នាំ២០២២ ទោះបីក្នុងរយៈពេលកន្លងមក មូលនិធិនេះ បានឧបត្ថម្ភដល់ប្រទេសកម្ពុជាចំនួន ១លានក្បាលរួចមកហើយ។
បន្ទាប់ពីបានស្តាប់អំពីផែនការសកម្មភាពរបស់អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា រួចមក លោក អភិបាលរងខេត្ត បានមានមតិគាំទ្រ និងស្នើដល់អង្គការមូលនិធិដូចខាងក្រោម ៖
១.រដ្ឋបាលខេត្ត គាំទ្រចំពោះគំនិតផ្តួចផ្តើមលើគម្រោងបច្ចេកវិទ្យាលើកិច្ចការបរិស្ថានតាមរយៈ ការគ្រប់គ្រង់សម្រាមនេះ ដោយស្នើឱ្យមូលនិធិជំរុញការសិក្សាគម្រោងឱ្យបានលឿនផងដែរ។
២.រដ្ឋបាលខេត្ត គាំទ្រចំពោះកិច្ចការគំាពារស្ត្រី និងអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន ដោយស្នើអង្គការមូលនិធិអាស៊ី ជួយគាំទ្រក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើកិច្ចការនេះ។
៣.ស្នើអង្គការមូលនិធិអាស៊ី ជួយបណ្តុះបណ្តាលដល់មន្ត្រីជំនាញក្នុងមន្ទីរអប់រំ ក្នុងផែនការយុទ្ធសាស្ត្រ និងផែនការថវិកាវិស័យអប់រំ។
៤.រដ្ឋបាលខេត្ត ស្នើអង្គការមូលនិធិអាស៊ី ជួយកសាងបណ្ណាល័យនៅសាលារៀនក្នុងភូមិសាស្រ្តខេត្តសៀមរាប។