
អ្នកជំនាញនៃក្រុមការងារចិន ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់គម្រោងទាំងមូលគ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧% ដែលនៅក្នុងនោះ ការសាងសង់ស្ថានីយ៍អ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨% ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥% និង សំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០% ។ ម្យ៉ាងទៀត តាមផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាសង់ឲ្យបាន៦៧% និងបញ្ចប់ការសាងសង់ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខ។
ការឲ្យដឹងយ៉ាងដូច្នេះ អ្នកជំនាញចិនរូបនោះ បានឧទ្ទេសនាមជូនប្រតិភូរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយឯកឧត្តម អភិបាលខេត្តផ្ទាល់ នៅក្នុងបទបង្ហាញនោះដែរ បានរំលឹកឲ្យដឹងដែរថា ការដ្ឋានសាងសង់ស្ថានីយ៍អ្នកដំណើរដែលចាប់ផ្តើមដំណើរការនាពាក់កណ្តាលខែមីនា មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន១៥% ជាមួយនេះសំណង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាន នាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០%។ ក្នុងនោះដែរក៏ធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋាន ចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ ម៉្យាងទៀត ការសាងសង់អាកាសយានដ្ឋាននេះ ក៏រក្សានូវបរិស្ថានធម្មជាតិទៀតផង ។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាបនេះ គ្រោងនឹងបញ្ចប់ ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសនិងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេលសរុប៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន ពាក់កណ្តាលខែមីនា ឆ្នាំ២០២០៕
+40
មតិ 32
ចែករំលែក 614
ចូលចិត្ត
មតិ
ចែករំលែក