
បន្ទាប់ពីប្រកាសបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសបាននឹងកំពុងមមាញឹកក្នុងការសាងសង់ គិតត្រឹមថ្ងៃនេះ ការសាងសង់ទាំង ៣៨ខ្សែ បានប្រមាណ ១៧,៥% ដែលមានអង្គភាពអនុវត្តគម្រោងចំនួន ៦ រួមមាន ៖
-នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវសាងសង់ផ្លូវចំនួន ៥ខ្សែ
-នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ចំនួន ៤.៥ខ្សែ
-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបចំនួន ១.៥ខ្សែ
-កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ចំនួន ៨ខ្សែ
-កងវិស្វកម្ម១៧៨ស្ពាន-ថ្នល់ នៃក្រសួងការពារជាតិចំនួន ១៣ខ្សែ
-កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប ចំនួន ៦ខ្សែ
ជាមួយនឹងការសាងសង់ផ្លូវ ៣៨ខ្សែនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានអគ្គនាយកដ្ឋានសាធារណការត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព ការដាំដើមឈើលម្អតាមដងផ្លូវ បំពាក់អំពូលភ្លើងបំភ្លឺសាធារណៈ បំពាក់បរិក្ខាចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ទាំង ៣៨ខ្សែ ដែលមានរយៈពេល ១៣ខែ។
ទន្ទឹមនឹងការសាងសង់ផ្លូវទាំង ៣៨ខ្សែខាងលើ រដ្ឋបាលខេត្តសូមធ្វើការយោគយល់ចំពោះសាធារណជន និងបងប្អូនប្រជាពលរដ្ឋចំពោះការកកស្ទះចរាចរណ៍ និងមានផលពិបាកមួយចំនួនដែលបង្កឡើងដោយសារការសាងសង់ផ្លូវនេះ។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាសាធារណជននិងបងប្អូនប្រជាពលរដ្ឋមានការយោគយល់ខ្ពស់ និងចូលរួមក្នុងការអភិវឌ្ឍផ្លូវខាងលើនេះ៕