
ក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្ត ក៏បានសំដែងនូវការសោកស្តាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួនពីជំងឺកូវីដ-១៩ ដោយមេត្តាកុំមានការប្រមូលផ្តុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការនានា របស់ក្រសួងសុខាភិបាល ដោយជំងឺនេះកាចសាហាវណាស់ ហេតុនេះសូមបងប្អូនស៊ូទ្រាំលំបាក និងអត់ធ្មត់អនុវត្តវិធានសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីសុខភាពសុខសាន្តរបស់សង្គមជាតិយើង។
ក្នុងនោះដែរ ឯកឧត្តម គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបានបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបាន ក្នុងកំពុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូន ហើយក៏ជាការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។
អំណោយមនុស្សធម៌បានផ្ដល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះ ៣គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១កញ្ចប់(មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ ស័ង្កសី ១៦សន្លឹក និងថវិការ ២០ម៉ឺនរៀល រីឯអំណោយមនុស្សធម៌បានផ្ដល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ដោយរបើក ១៣គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន ៖ ៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១កញ្ចប់(មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ ស័ង្កសី ១០សន្លឹក និងថវិការ ៨ម៉ឺនរៀលផងដែរ៕