
លោក អភិបាលរងខេត្ត បានបញ្ជាក់ថាក្រោមខិតខំប្រឹងប្រែងរបស់ប្រមុខនៃរាជរាជរដ្ឋាភិបាល ស្ថាប័នជំនាញពាក់ព័ន្ធ រួមនឹងការលះបង់របស់កងទ័ពអាវសជួរមុខ អាជ្ញាធរដែនដី ព្រមទាំងការចូលរួមសហការដោយប្រជាពលរដ្ឋ ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា កម្ពុជាកាត់បន្ថយបាននូវចំនួនឆ្លងជំងឺកូវីដ-១៩ ហើយចំនួននៃអ្នកជាសះស្បើយ ក៏បានបង្ហាញនៅក្នុងតារាងតួរលេខប្រចាំថ្ងៃផងដែរ ដែលនេះគឺជាមោទនភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ សំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដឱ្យក្លាយជាឱកាស នៃការអភិវឌ្ឍក្នុងនេះគម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបកំពុងដំណើរការអនុវត្ត។ បន្ទាប់ពីបញ្ចប់ការសាងសង់ផ្លូវទាំង៣៨ខ្សែ និងការកែលម្អដងស្ទឹងសៀមរាបរួច ខេត្តសៀមរាបនឹងកែប្រែមុខមាត់ថ្មីដើម្បីទទួលភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមានការកើនឡើងបន្ទាប់ពីបញ្ចប់ស្ថានភាពកូវីដ-១៩ផងដែរ។
ជាមួយគ្នានេះ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បង្កើតការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ពិសេសគោរពវិធានការរបស់រដ្ឋបាលសាលាខេត្តសៀមរាប ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាល ប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នាដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប និងទប់ស្កាត់ជម្ងឺនេះមិនឲ្យមានឆ្លងរីករាលដាលបន្តទៅទៀត ។
ទេយ្យវត្ថុរួមមាន៖ អង្ករ ២០០គីឡូក្រាម មី១០កេស ត្រីខ ១កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ អាល់កុល ៣០លីត ទឹកសុទ្ធ ៥កេស និងថវិកាចំនួន ២,០០០,០០០រៀល។ បន្ថែមពីលើទេយ្យវត្ថុទាំងអស់នេះ ស.ស.យ.ក. ខេត្តសៀមរាប បានចូលរួម៖ អង្ករ ២០០គីឡូក្រាម ត្រី ៤យួរ ស្ករស ១២គីឡូក្រាម អំបិល ៦គីឡូក្រាម ទឹកក្រូច ៤យួរ និងទឹកដោះគោ ២០កំប៉ុង ព្រមទាំងបានប្រគេនបច្ច័យមួយចំនួនផងដែរ៕