
លោក ឡុង រដ្ឋារក្ស អភិបាលនៃគណៈអភិបាលស្រុកអង្គរធំ បានឲ្យដឹងថា វត្តដែលជួបរងនូវការខ្វះខាតក្នុងស្រុកមាន ០៤វត្ត/អាស្រម ក្នុងនោះនៅឃុំពាក់ស្នែង មាន វត្តប្រាសាទឥន្ទ្ររមនីព្រៃព្រះ វត្តអាភ័យវន្តអង្គចែង នឹងឃុំជប់តាត្រាវ មានវត្តព្រះពុទ្ធពោធិ៍រៀង និង អាស្រមកង្រី មានព្រះសង្ឃ៣៥អង្គ យាយជី ៣នាក់ផងដែរ ។
ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោកស្រី យូ សុភា បានបញ្ជាក់ថាក្រោមខិតខំប្រឹងប្រែងរបស់ប្រមុខនៃរាជរាជរដ្ឋាភិបាល ស្ថាប័នជំនាញពាក់ព័ន្ធ ការលះបង់របស់កងទ័ពអាវសជួរមុខ អាជ្ញាធរដែនដី រួមទាំងការចូលរួមសហការដោយប្រជាពលរដ្ឋ ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា កម្ពុជាកាត់បន្ថយបាននូវចំនួនឆ្លងជំងឺកូវីដ-១៩ ហើយចំនួននៃអ្នកជាសះស្បើយ ក៏បានបង្ហាញនៅក្នុងតារាងតួរលេខប្រចាំថ្ងៃផងដែរ ដែលនេះគឺជាមោទនភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ សំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដឱ្យក្លាយជាឱកាស នៃការអភិវឌ្ឍក្នុងនេះគម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប កំពុងដំណើរការអនុវត្ត។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រគេនទេយ្យទាន មានចង្ហាន់បិណ្ឌបាតជាដើមនេះ ត្រូវបានរដ្ឋបាលខេត្តបានរៀបចំឡើងសម្រាប់បណ្តាវត្តចំនួន៣០ និងទីអាស្រមចំនួន៦ ដែលជួបការលំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ។ ពិធីវេរប្រគេនចំពោះព្រះសង្ឃនូវបិណ្ឌបាតទាននៅវត្តព្រៃព្រះ រួមមានវត្តចំនួន៣ និងអាស្រមចំនួន១ផ្សេងទៀត បានទទួលភោជនភ័ស្តុនេះ។ ក្នុងនោះដែរលោកស្រី អភិបាលរងខេត្ត ក៏បានសំណូមពរដល់ព្រះសង្ឃគ្រប់វត្ត ក៏ដូចអាជ្ញាធរឃុំ ភូមិ បង្កើន ការយកចិត្តអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទ ពីវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម និង សេចក្តីណែនាំ វិធានការរបស់ក្រសួងសុខាភិបាល ពីព្រោះថាកូវីដវាមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវីដ។
ការប្រគេនទេយ្យទាន និងគ្រឿងឧបភោគបរិភោគសម្រាប់ទីរាម ឬសម្រាប់ទីអាស្រមនីមួយៗ រួមមាន អង្ករចាប់ពី ២០០គីឡូក្រាម ដល់ ២៥០គីឡូក្រាម អាស្រ័យលើចំនួនព្រះសង្ឃ និងតាជី-យាយជី ក្រៅពីនេះមាន មី ,ទឹកសុទ្ធ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ , ត្រីខ , ស្ករស ,ទឹកដោះគោ ភេសជ្ជៈជាដើម និងអាល់កុលសម្រាប់ប្រើប្រាស់ក្នុងវិធានអនាម័យផងដែរ ព្រមទាំងបច្ច័យចំនួន ២លានរៀល ក្នុងមួយវត្តនិងទីអាស្រមនីមួយៗ៕